កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក ក្នុងការ​គ្រប់គ្រង​កូ​វីដ​-១៩ បានល្អ​ជាងគេ

​របាយការណ៍​វាយតម្លៃ​ស្ដី​ពីស​ន្ទ​ស្សន៍​នៃ​ស្ថានភាព​ធ្ងន់​នៃ​ជំងឺ COVID-19 ចេញផ្សាយ​ដោយ​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច នៃ​ប្រទេស​សេ​ណេ​ហ្កា​ល់ (Le Bureau de Prospective Economique (BPE) du Sénégal) បាន​បង្ហាញថា ប្រទេស​កម្ពុជា បាន​ឡើង​មកឈរ​នៅលើ​កំពូល​តារាង ដោយ​ជាប់​ចំណាត់​លេខ​១ កម្រិត​ពិភពលោក ក្នុងនាម​ជា​ប្រទេស​ដែល​គ្រប់គ្រង​ការឆ្លង​រាតត្បាត​នៃ COVID-19 បានល្អ​ជាងគេ​។​

​បើតាម​របាយការណ៍​ខាងលើ​ដដែល កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់​លេខ​១ កម្រិត​ពិភពលោក នៅក្នុង​ចំណោម​ប្រទេស​១៦៦ ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាតត្បាត​នៃ COVID-19 បានល្អ​ជាងគេ តាម​ពីក្រោយ​ដោយ​ប្រទេស​ស៊ូដង់​ខាងត្បូង និង​ប្រទេស​ប្រ៊ុយណេ​។ ចំណែកឯ​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់ ខ្សោយ​ជាងគេ​រួមមាន​៖ ប្រទេស​អាហ្វ្រិក​ខាងត្បូង​, លី​ត​តូ​នី​, អេ​ស្ប៉ា​ញ និង​ប្រទេស​ក្រិ​ក​។​

​ការដាក់​ចំណាត់ថ្នាក់​នេះ ត្រូវបានធ្វើ​ឡើងជា​រៀងរាល់​សប្ដាហ៍ បន្ទាប់ពី​ព្រឹត្តិការណ៍​ថ្ងៃទី​៣ ខែវិច្ឆិកា ដែល​ករណី​ឆ្លង COVID-19 មួយចំនួន​ត្រូវបាន​រកឃើញ ក្រោយ​រដ្ឋមន្ត្រីការបទេស​ហុង​គ្រី​ឆ្លង COVID-19 បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច នៃ​ប្រទេស​សេ​ណេ​ហ្កា​ល់ ក៏បាន​ទទួលស្គាល់​ផងដែរ​ពី​ប្រសិទ្ធភាព​នៃ​ការដាក់ចេញ និង​អនុវត្ត​នូវ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​រួមមាន​៖ ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​មកពី​បរទេស​, បិទ​សាលារៀន​, រោងភាពយន្ត​, សាល​កីឡា​, យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​យល់ដឹង​ពី COVID-19, ការចែក​ចាយ​ម៉ាស និង​ការបញ្ចេញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ស្ថានការណ៍​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close