កម្មវិធីផ្ញើសារ Telegram នឹងចាប់ផ្តើមបង់ថ្លៃសេវា នៅឆ្នាំ២០២១
រុស្ស៊ី៖ ស្ថាបនិក Telegram ដែលជាជនជាតិរុស្ស៊ី លោក Pavel Durov បញ្ជាក់ថា កម្មវិធីផ្ញើសារដ៏ល្បីនេះ នឹងចាប់ផ្តើមអោយមានការបង់ប្រាក់ថ្លៃសេវាកម្មនៅឆ្នាំ២០២១ខាងមុខ ខណៈក្រុមហ៊ុនកំពុងមានការរីកចម្រើន ដែលត្រូវការការចំណាយយ៉ាងហោចណាស់ពីរបីរយលានដុល្លារក្នុងមួយឆ្នាំ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ទន្ទឹមគ្នា ស្ថាបនិក Telegram មានវ័យ៣៦ឆ្នាំរូបនេះបញ្ជាក់ទៀតថា លោកមិនមានគម្រោងក្នុងការលក់ក្រុមហ៊ុននោះទេ ដូច្នេះចាំបាច់ត្រូវរកមធ្យោបាយផ្សេងទៀតដើម្បីរកថវិកា ប៉ុន្តែក៏នឹងមានមុខងារចំនួន០៣ ដែលនៅតែបន្តប្រើប្រាស់ដោយឥតគិតថ្លៃ។ លោកបានសង្កត់ធ្ងន់ថា Telegram នឹងចាប់ផ្តើមបង្កើតប្រាក់ចំណូល ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយថា យើងនឹងចាប់ផ្តើមដំណើរការមុខងារថ្មីៗរាប់មិនអស់ ហើយនឹងស្វាគមន៍អ្នកប្រើប្រាស់ថ្មីរាប់ពាន់លាននាក់។
សូមជម្រាបថា កម្មវិធី Telegram ជាទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាពមួយនៅបណ្តាប្រទេសមួយចំនួន ភាគច្រើនប្រទេសជាអតីតសហភាពសូវៀត និងអ៊ីរ៉ង់ ហើយត្រូវបានប្រើប្រាស់ទាំងនៅក្នុងការទំនាក់ទំនងឯកជនផង និងការចែករំលែកព័ត៌មានផងដែរ ។ Telegram បានទាក់ទាញអ្នកប្រើប្រាស់សកម្មជិត៥០០លាននាក់ ចាប់តាំងពីបើកឲ្យប្រើប្រាស់ដោយលោក Durov និងបងប្អូនប្រុសរបស់លោក Nikolai ក្នុងឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។