អភិបាលខេត្ត​ព្រះសីហនុ ចុះ​ចែក​សម្ភារៈ​បណ្តុំ​អាជីវកម្ម​បក​សាច់​ក្តាម ជូន​ប្រជាពលរដ្ឋ ៤៥​គ្រួសារ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សម្ភារៈ បណ្តុំ​អាជីវកម្ម​បក​សាច់​ក្តាម ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៥​គ្រួសារ ស្ថិតនៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ដោយមាន​ការចូលរួម​ពី​អភិបាលស្រុក​ព្រៃនប់ ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា​ការផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (​ហៅ​កាត់​ថា អា​ស្ប៉ា​យ​) ជា​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួងកសិកម្ម អនុវត្ត​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​លើកទឹកចិត្ត និង​ជម្រុញឱ្យមាន​សន្ទុះ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កាន់តែ​រីកចម្រើន ពិសេស​ការជំរុញ​ការដាំដុះ ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ បង្កើន​ឱកាស​ការងារ​ក្នុង​វិស័យ​ទាំងបី​ខាងលើ​ក្នុង​ក្របខណ្ឌ​បច្ចេកទេស​ថ្មី​ទទួលបាន​ផល​កម្រៃ​ច្រើន​រក្សាបាន​ស្ថេរភាព​ប្រក្រតី​តាម​ជីវភាព​គន្លង​ថ្មី ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។
​
មន្ទីរ​បាន​បង្កើត​បណ្តុំ​អាជីវកម្ម​ចំនួន​៩ ស្មើ​និង ៤២៩​គ្រួសារ មាន​ស្ត្រី​ជា​មេ​គ្រួសារ ១២២​គ្រួសារ ក្នុងនោះ​៖
១.​បណ្តុំ​អាជីវកម្ម​ដំណាំ​បន្លែ ២​បណ្តុំ​។​
២.​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​មាន​០២​បណ្តុំ​។
៣.​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី ៣​បណ្តុំ​
៤.​បណ្តុំ​អាជីវកម្ម​កែឆ្នៃ​បង្គារ​ក្រៀម ០១​បណ្តុំ​
៥.​បណ្តុំ​អាជីវកម្ម​បក​សាច់​ក្តាម​០១​បណ្តុំ ។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​បណ្តុំ​អាជីវកម្ម​បក​សាច់​ក្តាម​នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ពិភពលោក​កំពុង​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ហើយ​មាន​ប្រទេស​ខ្លះ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង និង​ប្រទេស​ខ្លះ​បញ្ជា​ទិញ​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​រៀងៗ​ខ្លួន​។​

​ហើយ​ថ្ងៃនេះ​យើង​មកជួប​ជុំគ្នា​តាម​គន្លង​ថ្មី​នៃ​សម័យ​កូ​វីដ​-១៩ ពិសេស​ឈ្វេងយល់​អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​កោតសរសើរ​មន្ទីរ​កសិកម្ម ក៍​ដូចជា​មន្ត្រី​កសិកម្ម អាជ្ញាធរ​មូលដ្ឋាន​បាន​ជម្រុញ​សកម្មភាព​ដល់​ប្រជាពលរដ្ឋ​បណ្តុំ​កសិករ​បក​សាច់​ក្តាម​បាន​ជាង ៤០០ គ្រួសារ ទោះបី​ពិភពលោក ក៍​ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។

​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​ជម្រុញ​ការដាំដុះ​បន្លែ ចិញ្ចឹម​ត្រី ចិញ្ចឹមសត្វ​បង្កើន​ការផ្គត់ផ្គង់​ទីផ្សារ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ ជួយ​កាត់បន្ថយ​ការនាំ​ចូលមក​ពី​ប្រទេសជិតខាង ។ ទោះបី​មាន​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ក៍ដោយ មិនមាន​រោងចក្រ​សហគ្រាស​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​បិទទ្វារ​នោះទេ គឺមាន​តែ​សុំ​បន្ថែម​ម៉ោង​ធ្វើការ​បន្ថែម​ប្រាក់ចំណូល​ដល់ក​ម្មករ​របស់​យើង​។

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មានការ​សម្របសម្រួល​ពី​មន្ទីរ​កសិកម្ម​ក្នុង​ការបើក​វគ្គ​បណ្តុះបណ្តាល​ប្រឹក្សា​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការដាំដុះ ផលិត ការចិញ្ចឹម​សត្វ​កាន់តែច្រើន​បន្ថែមទៀត​រួមចំណែក​ធ្វើ​សកម្មភាព​ដាំ​ដុះ ចិញ្ចឹមសត្វ​ក្នុង​មូលដ្ឋាន ។

​ឯកឧត្តម គួច ចំរើន បន្តថា​ថ្វី​ត្បិត​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ធ្វើឱ្យ​សម្តេច​តេ​ជោ​មិនបាន​ចេញ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ប៉ុន្តែ​សម្តេច​តេ​ជោ​បាន​បំពេញការងារ​ទ្វេ​រដង ដើម្បី​ឆ្លើយតប​ទៅ​និង​វិធានការ​នានា ឆ្លើយតបបាន​ទាន់ពេលវេលា និង​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ធ្វើការ​ទប់ស្កាត់​ជំងឺ​កូ​វី​ក្នុង​សហគមន៍ ៣​វិច្ឆិកា និង ២៨​វិច្ឆិកា បាន​ទាន់ពេលវេលា​ទោះបី ២៨​វិច្ឆិកា មិនទាន់បាន​បិទ​បញ្ចប់ យើង​ត្រូវ​រួមគ្នា​ផ្លាស់ប្តូរ​ទម្លាប់​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល អាល់កុល​ឱ្យបាន​ញឹកញាប់ និង​ចេញទៅ​ទីសាធារណៈ​ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​កុំឱ្យ​មាន ការចម្លង​ជំ​ងែ​កូ​វីដ​-១៩ ចូលក្នុង​គ្រួសារ និង​សហគមន៍​។​

​ក្នុងឱកាស​នោះ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើ​ការចែក​សម្ភា​រៈ​ដល់​សមាជិក​បណ្តុំ​អាជីវកម្ម​បក​សាច់​ក្តាម​ចំនួន ៤៥​គ្រួសារ មកពី​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ក្នុង​មួយ​គ្រួសារ​ទទួលបាន ធុង​ក្លាសេ​០១ កញ្ច្រែង​ដាក់​ក្តាម​០១ ស្រោមដៃ​មួយ​ប្រអប់​។ ក្នុងនោះ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក៍បាន​ផ្តល់ជូន​បន​ន​ថែម​នូវ ក្រ​ម៉ា​០១ និង​ថវិកា ៥០,០០០​រៀល​ផងដែរ​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close