លោកត្រាំ ព្រមចុះហត្ថលេខាងលើមូលនិធីដំណើរការរដ្ឋាភីបាល និងកូវីដ១៩

ក្រោយរយៈពេលជាច្រើនថ្ងៃលោកត្រាំ មិនព្រមចុះហត្ថលេខាលើងច្បាប់ចំណាយថវិកា បើទោះបីសភានិងព្រឹទ្ធសភាបានអនុម័តហើយក្តី។ នៅព្រឹកថ្ងៃទី២៨ខែធ្នូនេះ លោកត្រាំ បានព្រមចុះហត្ថលេខាលើកញ្ចប់ថវិកា «២.៣ទ្រីលានដុល្លារ» ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។

សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសពីសេតវិមាន នៅថ្ងៃទី ២៨ខែធ្នូបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមចុះហត្ថលេខា ដើម្បីឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិការ ២.៣ទ្រីលានដុល្លារសម្រាប់ដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាលើការចំណាយរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសការបិទដំណើរការរដ្ឋាភិបាល និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនអាមេរិក ដែលកំពុងគ្មានការងារធ្វើ។
បើតាមសេតវិមានលោក ដូណាល់ ត្រាំ ដែលនឹងត្រូវដើរចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ បានចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិការខាងលើ នៅឯរម្មណីយដ្ឋាន ម៉ាអាឡាហ្គោ (Mar-a-Lago) ក្នុងរដ្ឋផ្ល័ររីដានៅថ្ងៃអាទិត្យ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងរដ្ឋាភិបាលអាមេរិក ត្រូវបិទដំណើរការផ្នែកខ្លះរបស់ខ្លួន។

លោក ដូណាល់ ត្រាំ បានពន្យារពេលចុះហត្ថលេខាជាបន្តបន្ទាប់ លើច្បាប់ស្ដីពីកញ្ចប់ថវិកាដោះស្រាយវិបត្តិ COVID-19 ដោយសារតែលោកយល់ថា កញ្ចប់ថវិកានេះមានទំហំតិចតួចពេក។ ភ្លាមៗមិនទាន់មានការបញ្ជាក់ថា តើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ កែប្រែចិត្តចុះហត្ថលេខាលើច្បាប់នេះវិញនោះទេ ខណៈរូបលោកផ្ទាល់កំពុងសម្រាកលំហែរកាយ នៅឯក្លឹបវាយកូនហ្គោលនៃរម្មណីយដ្ឋាន Mar-a-Lago របស់លោក និងមិនបានបង្ហាញមុខជាសាធារណៈឡើយ ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនសភាទាំងពីររបស់សហរដ្ឋអាមេរិក បានអនុម័តលើច្បាប់កញ្ចប់ថវិកា ២.៣ទ្រីលានដុល្លារ ក្នុងនោះមានជិត ៩០០ពាន់លានដុល្លារសម្រាប់ដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាលើការចំណាយរបស់រដ្ឋាភិបាល ១.៤ទ្រីលានដុល្លារ។ ទោះជាយ៉ាងណា លោក ត្រាំ យល់ថា កញ្ចប់ថវិការដោះស្រាយវិបត្តិ COVID-19 ចំនួន ៩០០ពាន់លានដុល្លារ ដែលប្រជាជនអាមេរិកគ្មានការងារធ្វើទទួលបាន ៦០០ដុល្លារក្នុងម្នាក់ នោះគឺតិចតួចពេក ដោយលោកស្នើឱ្យផ្ដល់ឱ្យពួកគេ ២,០០០ដុល្លារក្នុងម្នាក់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។