អភិបាលខេត្តឧត្តរមានជ័យ ប្រគល់មធ្យោបាយសម្ភារ ជូនដល់តំណាងកសិករ៤០នាក់ មកពីសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មបន្លែ

ខេត្តឧត្តរមានជ័យ៖ ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ គឺបាននិងកំពុងចូលរួមចំណែកក្នុងការជំរុញអនុវត្តន៍នូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រវិស័យកសិកម្ម ក្នុងរយៈពេលមធ្យម និងផែនការមេ របស់ក្រសួង ដោយត្រូវជំរុញការធ្វើទំនើបកម្មកសិកម្ម ប្រកបដោយការប្រគួតប្រជែង បរិយាបន្ន ធននឹងការប្រែប្រួលអាកាសធាតុ និងនិរន្តភាព ក្នុងការជំរុញផលិតកម្មស្បៀង ប្រកបដោយវិបុលភាព និងសុខមាលភាពសម្រាប់ប្រជាជនកម្ពុជា។

បច្ចុប្បន្នកម្មវិធីនេះបានគ្របដណ្តប់នៅ២៤ រាជធានី-ខេត្ត និងមានប្រជាកសិករចំនួន ១៤៤ ០០០គ្រួសារ កំពុងទទួលបានប្រយោជន៍ពីកម្មវិធី។ មួយក្នុងចំណោមកម្មវត្ថុរបស់កម្មវិធីនេះគឺ “ការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាធាតុចូលកសិកម្មសម្រាប់គាំទ្រកសិករដែលមានទំហំផ្ទៃដីបង្កបង្កើនផលតូច និងងាយរងគ្រោះ និងការទទួលយកបច្ចេកទេសថ្មីទៅអនុវត្ត កែលម្អ ច្នៃប្រឌិត និងធ្វើនវានុវត្តន៍ដើម្បីបង្កើនសមត្ថភាពជាម្ចាស់ និងផ្លាស់ប្តូរគំនិតពីត្រឹមផលិតសម្រាប់ចិញ្ចឹមជីវិត ទៅជាសហគ្រិនភាពនៅជនបទ។
អនុវត្តតាមកម្មវត្ថុរបស់កម្មវិធីបានយ៉ាងល្អប្រសើរ និងស្របតាមសេចក្តីត្រូវការជាក់ស្តែងមនិងចាំបាច់នូវធាតុចូលកសិកម្ម (គ្រឿងយន្ត) ក្នុងបំណងបង្កើនផលិតភាពផលិតកម្ម កាត់បន្ថយពលកម្ម និងថ្លៃដើម និងចំណេញពេលវេលា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ កាលពីថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ បានរៀបចំពិធីប្រគល់ទទួល មធ្យោបាយសម្ភារជូនដល់តំណាងកសិករចំនួន ៤០នាក់ ដែលអញ្ជើញមកពីសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មបន្លែ។

ពិធីនេះស្ថិតក្រោមអធិបតី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនិងលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ការបែងចែកសម្ភារជូនដល់កសិករនាថ្ងៃនេះរួមមាន៖
១- បណ្តុំអាជីវកម្មបន្លែចំនួន ០៣ អញ្ជើញមកពីស្រុកអន្លង់វែងមាន ០១ និងនៅស្រុកត្រពាំង ប្រាសាទមាន ០២ ដោយបណ្តុំនីមួយៗទទួលបានម៉ាស៊ីនវាយបំបែកដី និងលើករងចំនួន ១០ គ្រឿង សរុបមាន ៣០គ្រឿង។
២- បណ្តុំអាជីវកម្មបន្លែចំនួន ០៤ អញ្ជើញមកពីក្រុងសំរោងកសិករចំនួន ៤គ្រួសារ មកពីភូមិអូរឬស្សី ភូមិភ្នៀត ភូមិគោកគរ សង្កាត់សំរោង និងភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង ដោយគ្រួសារនីមួយៗទទួលបានផ្ទះសំណាញ់ ០១។
៣- បណ្តុំអាជីវកម្មស្រូវចំនួន ០៤ អញ្ជើញមកពីក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយ អំពិល ដោយបណ្តុំនីមួយៗទទួលបានរថយន្ត ០១គ្រឿង ប្រើសម្រាប់ព្រួសស្រូវ បាញ់ថ្នាំ និងបាចជី។
៤- បណ្តុំអាជីវកម្មដំឡូងមីចំនួន ០២ អញ្ជើញមកពីស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ដោយបណ្តុំនីមួយៗទទួលបានរថយន្តចំនួន ១គ្រឿង ប្រើសម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ បាញ់ ថ្នាំស្មៅ និងបាញ់ជីទឹក។
សូមបញ្ជាក់ផងដែរថា គ្រប់បណ្តុំដែលបានទទួលសម្ភារដូចបានរៀបរាប់ជូនខាង លើ បានកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖
១- បានចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែ ជាមួយក្រុមហ៊ុនមាសបៃតងចំនួន ០១ លើដំណាំផ្កាខាត់ណាលឿង ដោយទទួលទិញមួយថ្ងៃចំនួន ៣០០គ.ក្រ តម្លៃ៤ ០០០ រៀល/គ.ក្រ សម្រាប់រយៈពេល ១ឆ្នាំ។
២- បានចុះកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែ ជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ លើការផ្គត់ផ្គង់ រួមមាន៖ ឪឡឹកលឿង ត្រសក់ផ្អែម ខាត់ណាផ្កាលឿង និងកំពុងរៀបចំកិច្ចសន្យាទិញត្រសក់ទ្រើង។
កសិករដែលទទួលបានសម្ភារថ្ងៃនេះ សុទ្ធតែជាកសិករគំរូ ដែលបានកំពុង ដាំបន្លែផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងក្រុមហ៊ុនដែលបានចុះកិច្ចសន្យា ដើម្បីនាំយកទៅកាន់ទីផ្សាររាជធានីភ្នំពេញ។ ពិតណាស់ សម្ភារទាំងនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ សំរួលដល់កំលាំងពលកម្ម និងមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះឲ្យកាន់ តែធំជាងមុន រួមចំណែកបង្កើនប្រាក់ចំណូលតាមរយ:ខ្សែច្រវាក់ផលិតកម្មបន្លែ នៅតាមបណ្តុំនីមួយៗ។ ក្នុងខណ:នេះផងដែរ អង្គការ GIZ ក៍បានចែកជូននូវឧបករណ៍អូសដាំគ្រាប់ស្រូវ ចំនួន ៥គ្រឿង ជូនដល់កសិករនៅក្នុងសហគមន៍កសិកម្មចំនួន ៤គ្រឿង ក្នុងនោះសហគមន៍អូរឬស្សី១គ្រឿង សហគមន៍ខ្ទំ២គ្រឿង សហគមន៍ពង្ររុងរឿង១គ្រឿង និងស្ថានីយកសិកម្មកូនក្រៀល១គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។