ចាប់ខ្លួនមនុស្ស ៨នាក់ ករណីឆក់ដ៏សកម្មពីជនបរទេស នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន ៨នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីជនបរទេស នៅក្រុងព្រះសីហនុ ត្រូវបានចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
គួររំលឹកថា កាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ មានជនសង្ស័យចំនួន ៤នាក់ បានជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបលុយពីជនជាតិចិនម្នាក់ ភេទប្រុស ខណៈកំពុងដើរតាមផ្លូវជាមួយមិត្តភក្តិ នៅមុខផ្សារទំនើប cdf អូរឈើទាល ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅក្នុងកាបូបលុយនោះ មានលុយ ៨,០០០ដុល្លារ (ប្រាំបីពាន់ដុល្លារអាមេរិក)។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាមៗ កម្លាំងជំនាញនគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបានជនសង្ស័យ និងបក្ខពួកជាបន្តបន្ទាប់ចំនួន ៨នាក់ (ស្រី១)។ បច្ចប្បន្នជនសង្ស័យ កំពុងសាកសួរ ដើម្បីបន្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។