រថយន្ត​២​គ្រឿង​ប៉ះគ្នា ភាគី​ម្ខាង​ដក​កាំភ្លើង​បាញ់​៩​គ្រាប់ ស្លាប់​ម្នាក់​ភ្លាមៗ​

​ភ្នំពេញ​៖ ក្នុងករណី​គ្រឿង​ថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​២​គ្រឿង ប៉ះ​ទ​ង្គិ​ត​គ្នា ធ្វើ​ឲ្យ​ភាគី​ម្ខាង បាន​ដក​កាំភ្លើង​ពី​ក្នុង​រថយន្ត បាញ់​ទៅលើ​ជនរងគ្រោះ​ជា​ភាគី​ម្ខាង​ទៀត បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​នេះដែរ​កើតឡើង នៅវេលា​ម៉ោងជាង​១២​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ឈ្មោះ​ក្រៅ​ហៅ ញក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​មុខរបរ​បម្រើ​ការងារ​ជា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​លោក​ចៅសង្កាត់រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ បាន​បើករថយន្ត​ម៉ាក FORD ពណ៌​ស​មួយគ្រឿង​ ​ពាក់​ផ្លាកលេខ ភ្នំពេញ 2BD 3738 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច ខណៈដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បង្ក​ខាងលើ​ម៉ាក​Lexus ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀម​រាម 2A 4546 ធ្វើដំណើរ​ពី​ខាងក្រោយ​ ក្នុងទិសដៅ​​ដូចគ្នា មក​បុក​ចំ​ពីក្រោយ​រថយន្ត FORD បណ្តាល​ឲ្យ​បែក​ស្តុ​ប រួច​ខាង​រថយន្ត​ជនរងគ្រោះ ឲ្យ​រថយន្ត​បង្ក​បើក​មក​គៀន​ទាំងអស់គ្នា ដើម្បី​ធ្វើការ​សម្របសម្រួល ចំណែកឯ​រថយន្ត​បង្ក​វិញ បាន​ព្រមព្រៀង​សង​ជា​សំណង​អស់​ទៅហើយ ស្រាប់តែ​ជនរងគ្រោះ បាន​ឱន​មើល​គូទ​រថយន្ត​កន្លែង​ដែល​ខូចខាត ក៏ត្រូវ​ជនបង្ក​ទាញ​កាំភ្លើង​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ ៩​គ្រាប់ បណ្តាល​ឲ្យ​ចំក្បាល និង​ដងខ្លួន ស្លាប់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ប្រមូល​វ​ត្តុ​តាង និង​តាម​ស្រាវជ្រាវ​រក​ជនបង្ក ដើម្បី​ឃាត់ខ្លួន​យកមក​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​។ ចំណែកឯ​សព​ជនរងគ្រោះ ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close