នាវាកងទ័ពជើងទឹកឥណ្ឌា១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ
ខេត្តព្រះសីហនុ៖ នាវាកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល០៤ថ្ងៃ (ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១)។
ក្នុងដំណើរចូលចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌា នាឱកាសនោះដោយមានការ ទទួលស្វាគមន៍ ពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក បានដឹកនាំនាយនាវីចំនួន១៥រូប ស្វាគមន៍ចំពោះ លោកវរនាវីទោ BK PONNAPPA មេបញ្ជាការនាវាឈ្មោះ INS KILTAN ជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ដែលមាននាវិកសរុបចំនួន២០០នាក់ ក្នុងដំណើរចូលចតជាផ្លូវការដើម្បីប្រគល់សម្ភារសង្គ្រោះទឹកជំនន់មួយចំនួនជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។
មន្ត្រីកងទព័ជើងទឹកឲ្យដឹងពីលក្ខណៈបច្ចេកទេសរបស់នាវានេះរួមមាន ទទឹង ១៣ម., បណ្តោយ ១១០ម., ជម្រៅទឹក ០៧ម. និង ទម្ងន់ផ្ទុក ៣.១៥០តោន។ តាមការគ្រោងទុកនាវាINS KILTAN នឹងចាកចេញពីកម្ពុជាវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ទាំងអស់នេះគឺជាការទំនាក់ទំនង ល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។