នាយករដ្ឋមន្ត្រីថៃ ឲ្យពលរដ្ឋស្នាក់នៅផ្ទះ នាឱកាសថ្ងៃឈប់សម្រាក ឆ្លងឆ្នាំថ្មី ដើម្បីទប់ស្កាត់កូវីដ១៩

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានធ្វើការជំរុញអោយប្រជាជនខ្លួនស្នាក់នៅក្នុងផ្ទះអំឡុងថ្ងៃឈប់សម្រាកដាច់ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងវីរុស Covid-19 នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។

លោក ប្រាយុទ្ធ បានបង្ហោះសារនៅលើហ្វេសបុកផ្លូវការរបស់ខ្លួនថា យើងទំនង ជារៀបចំការអបអរសាទរឆ្លងឆ្នាំថ្មីនៅក្នុងផ្ទះសម្រាប់ឆ្នាំនេះ ជាមួយនឹងការកំណត់ចំនួនមនុស្ស ។ ជាមួយនឹងការបន្តកើនឡើងចំនួនអ្នកឆ្លង Covid-19 ថ្មីៗនៅតាមបណ្តាខេត្តជាច្រើន ដែលរួមមានទាំងទីក្រុងបាងកកផងនោះ នាយករដ្ឋមន្ត្រីថៃរូបនេះថែមទាំងបានសង្កត់ធ្ងន់ទៀតថា ប្រជាជនទាំងអស់គួរតែធ្វើដំណើរនៅក្នុងករណីចាំបាច់ប៉ុណ្ណោះ ។
ទន្ទឹមគ្នានេះ ក្រុមមន្ត្រីថៃក៏បានប្រកាសពីការរឹតត្បិតថ្មីនៅក្នុងទីក្រុងបាងកក ផងដែរ ក្នុងនោះរួមមានការបិទទីតាំងកម្សាន្តសប្បាយខ្លះ ក្នុងអំឡុងពេលឈប់សម្រាកដាច់ឆ្នាំ នៅពេលករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើង ក្រោយការផ្ទុះជំងឺនៅខេត្តក្បែរខាងនោះកាលពីជាងមួយសប្តាហ៍មុន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។