ប្រព័ន្ធស្រោចស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត ត្រូវបានដាក់ឱ្យដំណើរការហើយ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព័ន្ធនេះ នឹងធ្វើឱ្យវាលស្មៅទាំងអស់ មានភាពបៃតងខួបប្រាំងខួបវស្សា។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់អាជ្ញាធរជាតិអប្សរានៅចុងឆ្នាំ២០២០នេះ បើទោះបីជាកម្ពុជាពើបប្រទះវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្ដី។
ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងឱ្យដឹងថា ក្រោយការរៀបចំ និងខិតខំប្រឹងប្រែងពីក្រុមអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរារយៈពេលមួយឆ្នាំរួចមក ប្រព័ន្ធស្រោចស្រពស្មៅដើរដោយស្វ័យប្រវត្តិ បានដាក់ឱ្យដំណើរការជាផ្លូវការ ហើយចំណុចនេះ នឹងជួយឱ្យវាលស្មៅទាំងអស់ក្នុងបរិវេណប្រាសាទអង្គរវត្តដែលមានទំហំជាង១១ហិកតា នឹងមានភាពបៃតង ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត។ ឯកឧត្តមបន្តថា ការរៀបចំនេះ គឺបានទាញទឹកពីក្នុងកសិន្ធុអង្គរវត្ត ដែលមានការធានានូវនិរន្តរភាពសម្រាប់ការទាញទឹកមកប្រើប្រាស់ដោយមិនមានការបារម្ភពីការខ្វះទឹកឡើយ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញទឹកមួយរូប ឯកឧត្តម ហង់ ពៅ ពន្យល់បន្ថែមថា មុននឹងឈានដល់ការអនុវត្តគម្រោងនេះ គឺក្រុមអ្នកជំនាញបានសិក្សានិងគុណគូររួចជាមុន អំពីបរិមាណទឹកក្នុងកសិន្ធុ ហើយការទាញទឹកពីប្រព័ន្ធបុរាណនេះ អាចធានាការស្រោចស្រពទាំងមូលបាន ពិសេសនារដូវប្រាំងនេះ។ ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ការកំណត់ទឹកដើរដោយប្រព័ន្ធស្វ័យប្រវត្តិនេះ ក៏មិនមានផលប៉ះពាល់ដល់ថ្មប្រាសាទនោះដែរ។ ផ្ទុយទៅវិញ ទឹកនេះនឹងជួយដល់ភាពរឹងមាំប្រាសាទទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។