ស្រុក​មួយ​ក្នុងប្រទេស​ក្រូ​អាត ខ្ទិចខ្ទី​ដូច​ទម្លាក់​គ្រាប់បែក​ដោយ​រញ្ជួយ​ដី​

​តាម​សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បាន​ផ្សាយ​ថា មនុស្ស​យ៉ាងហោចណាស់ ០៧​នាក់​បាន​ស្លាប់ និង​អគារ​ជាច្រើន​ត្រូវបាន​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ នៅ​ភាគ​និរតី​រដ្ឋធានី​នៃ​ប្រទេស​ក្រូ​អាត ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៦.៣​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ប្រទេស​អឺរ៉ុប​មួយ​នេះ កាលពី​ថ្ងៃ​អង្គារ ខណៈ​ក្រុម​សង្គ្រោះបន្ទាន់​កំពុង​បន្ត ស្វែងរក​អ្នក​បាត់​ខ្លួន​។​

​មជ្ឈមណ្ឌល​សិក្សា​គ្រោះ​រញ្ជួយ​ដី​អឺរ៉ុប​-​មេ​ឌី​ទែ​រ៉ា​ណេ (EMSC) បាន​ឲ្យ​ដឹងថា រញ្ជួយ​ដី​កម្រិត ៦.៣ រ៉ិ​ច​ទ័​របា​ន​វាយប្រហារ លើ​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស​ក្រូ​អាត ដែលមាន​ចម្ងាយ​ប្រមាណ​ជា ៤៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី ហ្សា​កាប (Zagarb) កាលពី​វេលា​ម៉ោង ១២៖២០​នាទី​ថ្ងៃត្រង់ (​ម៉ោង​នៅក្នុង​ស្រុក​)​។ ទីក្រុង​ផេ​ទ្រី​ន​ចា (Petrinja) គឺជា​តំបន់​ដែល​រង​ការបំផ្លាញ​ខ្លាំងជាងគេ ក្រោយ​ទើប​រង​ការវាយប្រហារ ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.២​រ៉ិ​ច​ទ័​រ នៅ​រយៈពេល​មួយថ្ងៃ មុន​ការវាយប្រហារ​នេះ​ទៀត​។​

​ក្រុមមន្ត្រី​បានបញ្ជាក់​ថា ក្មេងស្រី​អាយុ ១២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅ​ទីក្រុង Petrinja ដែលមាន​ប្រជាជន​រស់នៅ​ប្រហែលជា ២៥,០០០​នាក់​។ ទូរទស្សន៍​រដ្ឋ​ក្រូ​អាត HRT បាន​រាយការណ៍​ថា មនុស្ស ០៦​នាក់​ផ្សេងទៀត បាន​ស្លាប់​នៅក្នុង​តំបន់​ក្បែរ​នោះ​។ បន្ថែម​ពីនេះ មនុស្ស​រងរបួស​យ៉ាងហោចណាស់ ២៦​នាក់ ក្នុងនោះ ០៦​នាក់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​គួរ​បញ្ជាក់ថា ក្រុម​អ្នក​ជួយសង្គ្រោះ​ក្រូ​អាត ក៏បាន​រកឃើញ​ស្ត្រី​ម្នាក់ បន្ទាប់ពី​ជាប់​នៅក្នុង​គំនរ​ផ្ទះ​បាក់បែក អស់​ប្រហែលជា ៤​ម៉ោង​ផងដែរ​។ ប្រតិបត្តិ​ការស្វែងរក អ្នក​នៅ​រស់រានមានជីវិត​ផ្សេងៗ​ទៀត​កំពុង​បន្ត ខណៈ​សមាជិកគ្រួសារ​មួយចំនួន មើលទៅ​ហាក់ដូចជា​អស់សង្ឃឹម​ទៅហើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close