ក្រសួងមហាផ្ទៃ ប្រកាសឲ្យអ្នកលេង Tik Tok បញ្ឈប់សកម្មភាពអសីលធម៌
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួងមហាផ្ទៃ បានប្រកាសថា កម្មវិធីកំសាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សម្លេង ឬការបញ្ចេញការវិការកំប្លែង។ល។
សេចក្តីប្រកាសបន្តថា កន្លងមក ក្រុមការងារសង្កេតឃើញថា បងប្អូនមួយចំនួនបានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ – បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស – បង្កើតវិដែអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌ -បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម។
អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រកាសក្រើនរំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះ អាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។