ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​៖ ពរជ័យ​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា កើតឡើង​ចំពេល​ប្រជាជាតិ កំពុង​អបអរសាទរ​ខួប​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​

​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​នូវ​សារ​អបអរសាទរ ចំពោះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី ដែល​កម្ពុជា​ទទួលបាន​ពរជ័យ​នូវ​តំណក់​ប្រេង​ជា​លើកដំបូង​។ ​លោក​បាន​លើកឡើងថា តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា កើតឡើង​ស្រប​ចំពេល ប្រជាជាតិ​យើង​ទាំងមូល កំពុង​អបអរសាទរ​ខួប​ទី​២២ (២៩ ធ្នូ ១៩៩៨-២៨ ធ្នូ ២០២០) នៃ​ការបញ្ចប់​សង្គ្រាម​ផ្ទៃក្នុង និង​ការទទួលបាន​សន្តិភាព​ពេញលេញ​។ នេះ​ជា​សមិទ្ធិផល​ប្រវត្តិសាស្ត្រ​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា​យើង ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុងការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិ ប្រកបដោយ​ស្មារតី​ទទួលខុស​ត្រួវ​ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​។​

​គូសបញ្ជាក់ថា សម្តេច​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​អំពី​ដំណឹង​ដ៏​រីករាយ និង​ជា​មោទនភាព​សម្រាប់​ប្រជាជន​កម្ពុជា ពី​ការចាប់ផ្តើម​ទទួល​ដំណក់​ប្រេង​លើកដំបូង បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ដំណក់​ប្រេង​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា គឺជា​ពរជ័យ​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ របស់​កម្ពុជា​ទាំងមូល​។​

​សមិទ្ធផល​សន្តិភាព កើតចេញពី​នយោបាយ​ឈ្នះ​ឈ្នះ បាន​នាំមក​នូវ​សមិទ្ធផល​ថ្មី គឺ​ដំណក់​ប្រេង​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នេះ​។ ចំណូល​ថវិកា​បាន​ពី​ការលក់​ប្រេង​របស់​កម្ពុជា នឹង​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​អាទិភាព​២ គឺ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ដែលជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close