ឯកឧត្តម ជា សុផារ៉ា ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឯកឧត្តម ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​រួមជាមួយ​នឹង មន្ត្រី​ជំនាញ​អាជ្ញាធរ​ក្រុង កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះ ពិនិត្យ វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្រុង ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​។​

​នាឱកាស​នោះ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​ពិនិត្យមើល ទីតាំង​អាង​ចម្រោះ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ដើម្បី​ធ្វើយ៉ាងណា​ព​ន្លឿ​ន​ឲ្យ​បាន​ឆាប់​រួចរាល់ បញ្ចៀស​បាន​នូវ​ការ បង្ហូរទឹក​កខ្វក់​ចូលទៅក្នុង​សមុទ្រ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់ឆ្នេរ​។​
​ក្នុង​ដំណើរ​ចុះ​ពិនិត្យ ការស្ថាបនា​ផ្លូវ ការ​អ៊ុត​កៅស៊ូ សួនច្បារ ការដាំ​ដើមឈើ​បំពាក់​អំពូល​ភ្លើង និង​ការរៀបចំ​ក្រាល​ថ្ម ក្រា​នី​ត ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជំរុញ​ឲ្យ​ក្រុម ជាង​យកចិត្តទុកដាក់ ក្នុងការ​ស្ថាបនា​ផ្លូវ​ទាំងអស់ ត្រូវឱ្យ​ទៅតាម​ស្តង់ដារ​លក្ខណៈ បច្ចេកទេស មានគុណ​ភាព សោភណភាព ជាប់​បានយូរ​អង្វែង​បម្រើ​ដល់ ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ ក៏ដូចជា​អ្នកវិនិយោគ មក​បណ្ដាក់ទុន​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​ភាពងាយស្រួល​។​

​គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្លូវ ៣៤​ខ្សែ នៅក្នុង​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ​កម្រាស់ ០,០៧ ម៉ែត្រ បន្ថែម​ពីលើ​បេតុង ដែល​បាន​ចាក់​រួច ជា​បន្តបន្ទាប់​មាន​កម្រាស់​០,២៥​ម៉ែត្រ​។​ ​គម្រោង​ស្ថាបនា​ផ្លូវ​ទាំង ៣៤​ខ្សែ គ្រោង​នឹង​បញ្ចប់​ឲ្យ​រួចរាល់​នៅមុន​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ ២០២១ ខាងមុខនេះ ដូចនេះ​ខេត្ត​ព្រះសីហនុ​និង​មាន​សោភណភាព ភ្លើង ផ្លូវ សួនច្បារ ការដាំ​ដើមឈើ អាង ចម្រោះ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ មិន​ឲ្យ​ហូរ​ចូល ទៅក្នុង​សមុទ្រ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់ឆ្នេរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close