រថយន្ត​ធំ បើក​ចុះ​ចំណោត​ដាច់​ហ្វ្រាំង ជ្រុល​បុក​រថយន្ត​ចត​ចោល ក្រឡាប់​ធ្លាក់​ផ្លូវ រងរបួស​ធ្ងន់ ២​នាក់

​ខេត្តកោះកុង​៖ កាលពី​រសៀល ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​ធំ​១​គ្រឿង បាន​បើក​ចុះ​ចំណោទ​ក្នុង​ល្បឿន​លឿន ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​គៀរ​ពី​ចំហៀង​រថយន្ត​១​គ្រឿង​ទៀត ឈប់​នៅ​ចិញ្ចើមផ្លូវ ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំនួន ២​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​ហ៊ី​យន្ត​ដាយ ប្រភេទ​រថយន្ត​ដឹក​កៅស៊ូ​អ៊ុតថ្នល់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ ៣A.៧៣២៤ អ្នកបើកបរ​ឈ្មោះ ស្រ៊ន ភា​រិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​អង្កាម​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ (​រងរបួស​ធ្ងន់​) អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ម៉ុ​ន ណែម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​បឹង​ច្រាប​ត្បូង ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​រងរបួស​ធ្ងន់​)​។​

​រីឯ​រថយន្ត​ដែល​ចត​ចោល ម៉ាក​ដេរ​វូ ប្រភេទ​ដឹក​គ្រឿងចក្រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ព្រះសីហនុ ៣A.៥៦៥៣ បើកបរ​ដោយ​ឈ្មោះ ផុន នាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​ពក​ស្វាយ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់​ខេត្តតាកែវ (​គ្មាន​របួស​)​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​តៃ​ក្រោម បាន​ចុះ​ធ្វើ​អន្តរាគមន៍ ជួយសង្គ្រោះ និង​បញ្ជូន​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ​ខេត្តកោះកុង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close