ប្រជាជន​ចិន នឹង​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដោយ​អត់​គិតថ្លៃ​

​ប្រទេស​នៅ​ជុំវិញ​ពិភពលោក បានប្រកាស​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដល់​ពលរដ្ឋ​ដោយ​អត់​គិតថ្លៃ ឲ្យ​តែ​ពលរដ្ឋ​ស្ម័​គ​ចិត្ត​ទៅ​ចាក់​វ៉ាក់សាំង ឲ្យ​បាន​គ្រប់គ្នា​។ ចំពោះ​ប្រទេស​ចិន​វិញ​ក៏​ដូចគ្នា​នោះដែរ បើទោះបី​មាន​ពលរដ្ឋ​ជាង​១,៤​ពាន់​លាន​នាក់ តែ​ចិន​នឹង​ផ្តល់​វ៉ាក់សាំង​ដោយ​អត់​គិតថ្លៃ​ដូចគ្នា​។​

​សារព័ត៌មាន​ស៊ីន​ហួរ នៅ​ថ្ងៃទី​៣១​ខែធ្នូ​បាន​ផ្ស​យ​ថា ប្រទេស​ចិន​ដែល​គ្រប់គ្នា​ស្គាល់​ថា ជា​ប្រទេស​មាន​ចំនួន​ប្រជាជន ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​នេះ (១,៤៣៩​លាន​នាក់​) បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នេះ​ថា ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា (COVID-19) ជូន​ដល់​ប្រជាជន​ទាំងអស់​តែម្តង ដោយ​មិន​គិតថ្លៃ​នោះឡើយ​។​

​សេចក្តីប្រកាស​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ដោយ​លោក ហ្សេ​ង យី​ស៊ីន (Zeng Yixin) អនុប្រធាន​នៃ​គណៈកម្មការ​សុខាភិបាល​ជាតិចិន នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី និយ័ត​ករ​ឱសថ​ចិន​បានប្រកាស​អនុម័ត ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង COVID-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ វិទ្យាស្ថាន​ស្រាវជ្រាវ​ផលិតផល​ជីវសាស្ត្រ​ប៉េកាំង (BBPI) និង​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​គឺ​ស៊ី​ណូ​ផាម (Sinopharm) ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ ដោយ​ក្រុមការងារ​ថ្នាក់​ជាតិចិន CNBG​។​

​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នេះ​តែម្តង ប្រទេស​ចិន​បានអនុម័ត​ឲ្យ​ប្រើប្រាស់ វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ផលិត​នៅក្នុង​ស្រុក​ចំនួន ០៥ រួចទៅហើយ ដោយ​បូក​រួមទាំង​វ៉ាក់សាំង​របស់ Sinopharm​។ បើតាម​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន វ៉ាក់សាំង​ចំនួន ១៤ ផ្សេងទៀត​កំពុងស្ថិត​ក្នុងការ​ធ្វើតេស្ត ក្នុងនោះ ០៥ កំពុងស្ថិត​ក្នុងការ​ធ្វើ​តេស្ត​ដំណាក់កាល​ទី ៣ ដែលជា​ដំណាក់កាល​ចុងក្រោយ​។​

​គួរ​បញ្ជាក់ថា ប្រទេស​ចិន​ក៏ត្រូវ​បានចាត់ទុក​ផងដែរ​ថា បាននិងកំពុង​គ្រប់គ្រង​ការឆ្លង​រាតត្បាត COVID-19 ក្នុងប្រទេស​ប្រកបដោយ​ជោគជ័យ ប៉ុន្តែ​នៅ​មួយរយៈ​ពេល​ខ្លី​ចុងក្រោយ​នេះ ការឆ្លង​ក្នុង​សហគមន៍​បាន​កើតមានឡើង​ជារឿយៗ ជាពិសេស​នៅក្នុង​រដ្ឋធានី​ប៉េ​កាំង ដែល​កំពុង​បង្ខំ​ឲ្យ​អាជ្ញាធរ​ចិន បង្កើន​ការប្រុងប្រយ័ត្ន​ឡើងវិញ ចំពោះមុខ​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close