ថៃ ហាមឃាត់​ជនជាតិ​អង់គ្លេស ចូល​ប្រទេស​ខ្លួន ដោយសារ​កូ​វីដ​១៩ បំ​លែង​ថ្មី​

​ប្រទេស​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នឹង​អំពាវនាវ​អោយ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានការណ៍​ជំងឺ​Covid-19​ផ្អាក​ការចូល​របស់​ភ្ញៀវទេសចរ​អង់គ្លេស​មក​ក្នុងប្រទេស​ខ្លួន ក្រោយ វីរុស Covid-19 ប្រភេទ​ថ្មី B117 ត្រូវបាន​រកឃើញ​លើ​ជនជាតិ​អង់គ្លេស​០៤​នាក់​ដែល​ចូល​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២១ ខែធ្នូ នេះ​បើតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០​។​

​ប្រធាន​មជ្ឈមណ្ឌល​ឧត្តមភាព​ផ្នែក​រោគ​វិទ្យា​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ ឆូ​ឡា​ឡុងកន លោក​វេជ្ជបណ្ឌិត Yong Poovorawan បញ្ជាក់ថា អ្នកជំងឺ​អង់គ្លេស​ទាំង​បួន​នាក់ គឺជា​គ្រួសារ​តែមួយ​មកពី​តំបន់ ខេន​។ ពួកគេ​ត្រូវបាន​គេ​ដាក់​នៅក្នុង​បន្ទប់​សម្ពាធ​អវិជ្ជមាន​របស់​មន្ទីរ​ពេទ្យ ដើម្បី​ការពារ​ការឆ្លង ហើយ​នឹងមិន​ត្រូវបាន​អនុញ្ញាតអោយ​ចេញ​ទេ រហូតដល់​មន្ត្រី​ពេទ្យ​ធ្វើតេស្ត និង​បញ្ជាក់ថា ពួកគេ​លែងមាន​ហានិភ័យ​នៃ​ជំងឺ Covid-19 ទៀតហើយ ។​

​ស្របពេល​ជាមួយគ្នានេះដែរ លោក​វេជ្ជបណ្ឌិត Yong សង្កត់ធ្ងន់ថា មជ្ឈមណ្ឌល​បាននិងកំពុង​ប្រមូល​ទិន្នន័យ​ហ្សែ​ន​ពី​អ្នកជំងឺ Covid-19 សម្រាប់​ការស្រាវជ្រាវ ហើយ​ប្រជាជន​ថៃ​មិនចាំបាច់​មានការ​ព្រួយបារម្ភ​នោះទេ ប៉ុន្តែ​ព្រមាន​ថា អាជ្ញាធរ​ត្រូវតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​ភ្ញៀវទេសចរ​អង់គ្លេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close