ផ្លូវជាតិ​លេខ​៣ សម្រេចការ​សាងសង់​បាន​៩០%​ហើយ គ្រោង​នឹង​បញ្ចប់ នៅ​ខែកញ្ញា ឆ្នាំ​២០២១

​ភ្នំពេញ​៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា គម្រោង​ពង្រីក និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៣ ពី​រង្វង់​មូល​ចោមចៅ​ដល់​ក្រុង​កំពត មាន​ប្រវែង​ប្រមាណ ១៣៤​គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) គិត​មកដល់ពេលនេះ សម្រេចការ​សាងសង់​បាន​៩០%​ហើយ គ្រោង​នឹង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ​២០២១​នេះ មុន​ការកំណត់​ចំនួន​១​ឆ្នាំ​។ ឯកឧត្តម បាន​ថ្លែង​យ៉ាង​ដូច្នេះ នា​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០​នេះ ក្នុងឱកាស​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​៣​។​

​សូមបញ្ជាក់ថា ការពង្រីក និង​លើក​កម្រិត​គុណភាព (​ពី DBST ទៅ AC) លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​នេះ មាន​ប្រវែង​សរុប​ជិត​១៣៥​គីឡូម៉ែត្រ ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់​ក្រុង​កំពត ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ចិន​ជាង ២០០​លាន​ដុល្លារ​អាមេរិក​។​

​គម្រោង​នេះ ចែកចេញជា​ពីរ​កំណាត់​៖ កំណាត់​ទី​១ ចាប់ពី​ភ្នំពេញ (​ចោមចៅ​)-​បែក​គូស មាន​ប្រវែង​ជិត​៧០​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤.៥​ម៉ែត្រ ជា​៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ ទទឹង ២១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ២៤.៥​ម៉ែត្រ​។ ​ដោយឡែក​កំណាត់​ទី​២ ចាប់ពី​បែក​គូស ដល់​ក្រុង​កំពត ប្រវែង​ជិត​៦៥​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ១២​ម៉ែត្រ ជា​២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៧​សង់ទីម៉ែត្រ ទទឹង ១១​ម៉ែត្រ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close