ពលរដ្ឋ​ជាង​៨៥​លាន​នាក់ ឆ្លង​កូ​វីដ​១៩ នៅលើ​ពិភពលោក​

​តាម​គេហទំព័រ worldometer ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក ពិភពលោក​រកឃើញ​ក​រ​ណី​ឆ្លង​ដល់​ទៅ​469.000 នាក់ និង​ស្លាប់​ជាង​៦៩០០​នាក់ ។ ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​ទៅ​ជាង​៨៥​លាន​នាក់ និង​ស្លាប់​ជាង​១,៨៥​លាន​នាក់​។​ ​មាន​៣​ប្រទេស​មាន​អ្នក​ឆ្លង​ច្រើនជាងគេ​ក្នុងពេល​២៤​ម៉ោង​កន្លងមក គឺ​អាមេរិក មាន​161.000 អង់គ្លេស​54.990 នាក់ និង​រុស្ស៊ី 24.150 ប្រទេស​ទាំងបី​គឺ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ដល់​ពលរដ្ឋ​ជាច្រើន​នាពេល​កន្លងមក ។​

​បច្ចុប្បន្ន មាន​ប្រទេស​ចំនួន​៣០ ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ហើយ​កាលពី​ថ្ងៃទី​៣​ខែមករា ឆ្នាំ​២០២១ ឥណ្ឌា​បានអនុម័ត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ផលិត​ក្នុងប្រទេស​ឥណ្ឌា​ផ្ទាល់ ។​ ​តាម​សេចក្តីប្រកាស​ពី​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​ឥណ្ឌា​(DCGI)​បាន​ឲ្យ​ដឹងថា ការអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ឈ្មោះ Covaxin ផលិត​ដោយ​ក្រុមហ៊ុន Bharat Biotech របស់​ឥណ្ឌា​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi និង​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា​បាន​សរសើរ​ដល់ ការខិតខំ​របស់​ក្រុម​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ឥណ្ឌា ។ វ៉ាក់សាំង Covaxin ជា​ផលិតផល​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​។ ការអនុម័ត​នោះ​គឺជា​ជោគជ័យ​យ៉ាងខ្លាំង​របស់​រដ្ឋាភិបាល​ឥណ្ឌា​។ ពេលនេះ​ឥណ្ឌា​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​វ៉ាក់សាំង​ប្រើប្រាស់​ជា​ផ្លូវការ ដូចជា អាមេរិក រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ ចិន ។​

​បច្ចុប្បន្ន​ឥណ្ឌា​ទទួលបាន​ការបញ្ជាទិញ​វ៉ាក់សាំង​ពី​១០​ប្រទេស ។ ក្រុមហ៊ុន Bharat Biotech​បញ្ជាក់ថា បាន​សាកល្បង​វ៉ាក់សាំង ដំណាក់កាល​ទី​៣​លើ​មនុស្ស ដែលជា​ដំណាក់កាល​ចុងក្រោយ​ដល់​ក្រុម​អ្នកស្ម័គ្រចិត្ត​២៣​ពាន់​នាក់​តាំងពីដើម​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។
​មកទល់ពេលនេះ​ក្រុមហ៊ុន​មិនទាន់​ប្រកាស​ពី​ភាគរយ​នៃ​លទ្ធផល​ធ្វើតេស្ត​នៅឡើយ​ទេ ប៉ុន្តែ​វ៉ាក់សាំង​នោះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ទទួលបាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​។​

​កន្លងមក​រដ្ឋាភិបាល​ឥណ្ឌា បានអនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​-១៩​ទិញ​មកពី​ក្រុមហ៊ុន AstraZeneca របស់​ប្រទេស​អង់គ្លេស​។ ដូច្នេះ​មកទល់ពេលនេះ​ឥណ្ឌា​មាន​វ៉ាក់សាំង​ពីរ​ប្រភេទ​ប្រើប្រាស់​នៅក្នុង​ប្រទេស​របស់ខ្លួន ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ។ ឥណ្ឌា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង ចំនួន​១​ពាន់​លាន​ដូ​ស​ពី​ក្រុមហ៊ុន AstraZeneca ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close