ក្រសួងបរិស្ថាន​គាំទ្រ​គម្រោង​សង់រោង​ចក្រ​ផលិត​ស្ពាន់​នៅ​ខេត្ត​ព្រះសីហនុ​

​ក្រសួងបរិស្ថាន​បានសម្រេច​គាំទ្រ​គម្រោង​រោងចក្រ​ផលិត​ស្ពាន់ សំណ ស័ង្កសី និង​អាស៊ីត​ស៊ុ​ល​ផួ​រិច​តម្លៃ​៣០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ក្រុងព្រះសីហនុ​។ ការប្រកាស​គាំទ្រ​នេះ ធ្វើឡើង​ក្រោយពី​ក្រសួងបរិស្ថាន​បាន​បើក​កិច្ចប្រជុំ​ជាមួយ​អន្តរក្រសួង​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​លើ​គម្រោង​នេះ​។

​មុន​ឈានទៅ​សម្រេច​គាំទ្រ​លើ​គម្រោង​នេះ ក្រសួងបរិស្ថាន និង​អន្តរក្រសួង​បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ហ្មត់ចត់​លើ​ចំណុច​សំខាន់ៗ​ចំនួន​៦ គឺ​ទី​១​ការគ្រប់គ្រង​លើ​ការនាំ​ចូល ការ​ទុកដាក់​វត្ថុធាតុដើម និង​សារ​ធាតុគីមី​។ ទី​២ ផែនការ​ប្រើប្រាស់​ទឹក ទី​៣ ការគ្រប់គ្រង​គុណភាព​ខ្យល់​(​ឧស្ម័ន ធូលី​) ទី​៤ ការ​គ្រប់​គ្រង់​សំណល់​រឹង​-​រាវ ទី​៥ ខ្សែសង្វាក់​ផលិតកម្ម និង​ទី​៦ បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ ។ ក្រៅពី​សម្រេច​គាំទ្រ​លើ​គម្រោង​នេះ ក្រសួងបរិស្ថាន និង​អន្តរក្រសួង​ក៏បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ដែល​សាងសង់​រោច​ចក្រ​ថ្មី​នេះ ត្រូវ​កែលម្អ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​ក្នុង​រយៈពេល ៣០​ថ្ងៃ យ៉ាងយូរ​ផងដែរ​។​

​សូមបញ្ជាក់ថា គម្រោង​ខាងលើនេះ ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន CAMBODIAN CHAOTHUO MINING & METALLURGY CO., LTD (​ឆាវ​ទូ ម៉ាញ​នី​ង & មេ​ធ​ល​ឡឺ​ជី​) ដែល​ទទួល​ការអនុញ្ញាត​ឲ្យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) កាលពី​ខែកុម្ភៈ​កន្លងទៅ​។ រោច​ក្រ​នេះ អាច​នឹង​ជួយ​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៤៤០​នាក់​។ គម្រោង​រោងចក្រ​ថ្មី​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ៧,៤៨​ហិកតា ក្រោម​ទុនវិនិយោគ​ចំនួន ៣០​លាន​ដុល្លារ​អាមេរិក ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង និង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close