៤ថ្ងៃ! ឆ្លងឆ្នាំសកល កម្ពុជា ទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។
សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់
* ខេត្តកំពត៖ ១៥២,១១៩ នាក់
* ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់
* ខេត្តកែប៖ ៨៧,៧៣៧ នាក់
* ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់
* ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់
* ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់
* ខេត្តកោះកុង៖ ៣១,៨៧៩ នាក់
* ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់
* ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។
ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើននៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្ត្រី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ។ គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។