ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ ប្រឈម​ការស្រាវជ្រាវ ដែល​បង្ខំ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រែ​ក្រឡាស​លទ្ធផល​បោះឆ្នោត​

​ស្ថាន​ប័ន​នានា ទាំង​ប្រធាន​គណបក្ស​សាធារណរដ្ឋ និង​បណ្តា​រដ្ឋ​នានា​ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ដោយ​លោក​បៃ​ឌិន​ជា​អ្នកឈ្នះ ប៉ុន្តែ​មកទល់ពេលនេះ​លោក​ត្រាំ​នៅតែ​មិន​ព្រម​ចុះចាញ់ ហើយ​ដាក់​គំនាប់​ទៅលើ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​ប្រែ​ក្រឡាស​លទ្ធផល​បោះឆ្នោត​ទៅ​ទៀ​។ នៅពេលនេះ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ ស្នើឱ្យ FBI ស៊ើបអង្កេត​លើ​ករណី​លោក ត្រាំ បង្ខំ​ឱ្យ​រដ្ឋ Georgia កែប្រែ​លទ្ធផល​បោះឆ្នោត​។​

​សារព័ត៌មាន CNA នៅ​ថ្ងៃ​អង្គារ ទី​០៥ ខែមករា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ម​ន្រី្ត​កំពូល​ម្នាក់​ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត នៅក្នុង​រដ្ឋ Georgia បាន​និយាយថា​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ខំ​ឱ្យ​លោក​ទទួល​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ដ៏​មិន​សមរម្យ ជុំវិញ​ការដាក់​សម្ពាធ​ឱ្យ​រដ្ឋ​ភាគ​អាគ្នេយ៍​នៃ​សហរដ្ឋអាមេរិក​មួយ​នេះ កែប្រែ​លទ្ធផល​បោះឆ្នោត​កាលពី​ខែវិច្ឆិកា ខណៈ​អ្នកប្រជាធិបតេយ្យ​ស្នើឱ្យ​មានការ​ស៊ើបអង្កេត​។​

​នៅក្នុង​ខ្សែអាត់​សំឡេង​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លេខាធិការ​នៃ​រដ្ឋ Georgia លោក Brad Raffensperger ដែល​ត្រូវបាន​ចេញផ្សាយ​មុនគេ​ដោយ​កាសែត​អាមេរិក Washington Post លោក ត្រាំ បានដាក់​សម្ពាធ​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​លោក Raffensperger ប្រកាស​ជាថ្មី​ថា​រូបលោក​គឺ ជា​អ្នកឈ្នះ​ដោយ​ទទួលបាន​សន្លឹកឆ្នោត​ច្រើនជាង​លោក បៃ​ដិ​ន នៅក្នុង​រដ្ឋ Georgia​។ ប៉ុន្តែ លោក Raffensperger បាន​បដិសេធ​។​

​លោក Raffensperger ជាថ្មី​ម្ដងទៀត នៅ​កិច្ចសម្ភាសន៍​ជាមួយ​កម្មវិធី Good Morning America នៃ​ទូរទស្សន៍ ABC នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិនដែល ជឿ​ទាល់តែសោះ​ថា​វា​គឺជា​រឿង​សមរម្យ ក្នុងការ​និយាយ​ទៅកាន់​លោក​ប្រធានាធិបតី ប៉ុន្តែ​គាត់​បាន​បង្ខំ​ខ្ញុំ ហើយ​ខ្ញុំ​យល់ថា​គាត់ និង​មន្ត្រី​របស់គាត់​បាន​បង្ខំ​ពួកយើង​។ ពោលគឺ ពួកគេ​ចង់បាន​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​បែបនេះ​»​។​

​គួរ​បញ្ជាក់ថា រដ្ឋ Georgia បាន​ដឹកនាំ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​បី​លើក​រួចមកហើយ ដោយ​លទ្ធផល​ចុងក្រោយ​បានបង្ហាញ​ថា​លោក បៃ​ដិ​ន គឺជា​អ្នកឈ្នះ​ដោយ​ទទួលបាន​សំឡេង ឆ្នោត ១១,៧៧៩ ច្រើនជាង​លោក ត្រាំ ក្នុងចំណោម​សំឡេងឆ្នោត​សរុប​ជិត ៥​លាន​សំឡេង នៅក្នុង​រដ្ឋ​មួយ​នេះ​។
​នៅក្នុង​ខ្សែអាត់​សំឡេង​ខាងលើ លោក ត្រាំ បានដាក់​សម្ពាធ បង្ខំ​ឱ្យ​លោក Raffensperger កែប្រែ​លទ្ធផល​បោះឆ្នោត​តាមរយៈ​ការបន្ថែម​សន្លឹកឆ្នោត ១១,៧៨០​សំឡេង ដើម្បីឱ្យ​លោក​ទទួលបាន​សំឡេងឆ្នោត​សរុប ២,៤៧៣,៦៣៤ ពោលគឺ តែមួយ​សំឡេង​ប៉ុណ្ណោះ ច្រើនជាង​លោក បៃ​ដិ​ន ដែល​ទទួលបាន ២,៤៧៣,៦៣៣ សំឡេង​។​

​ក្រោយ​បែប​ធ្លាយ​ខ្សែអាត់​សំឡេង​នេះដែរ សមាជិកសភា​ពីររូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ បានស្នើ​ឱ្យ​នាយក FBI លោក Christopher Wray បើក​ការស៊ើបអង្កេត​លើ កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក Brad Raffensperger ខណៈ​ក្រុមអ្នកច្បាប់​មួយចំនួន​មើលឃើញថា​លោក ត្រាំ បាន​បំពាន​លើ​ច្បាប់​សហព័ន្ធ​អាមេរិក និង​ច្បាប់បោះឆ្នោត​នៃ​រដ្ឋ Georgia៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close