ថៃ នឹងទិញវ៉ាក់សាំងកូវីដ១៩ ៣៥លានដូសថែមទៀត
ប្រទេសថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះថ្លែងថា រដ្ឋាភិបាលកំពុងស្វះស្វែងបញ្ជាទិញវ៉ាក់សាំង Covid-19 ចំនួន៣៥លានដូសបន្ថែមទៀត នាំអោយចំនួនត្រូវទិញឡើងដល់៦៣លានដូស នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។
លោក ប្រាយុទ្ធ បន្តថា ខ្ញុំបានបញ្ជាទិញ៣៥លានដូសទៀត និងប្រជាជនថៃភាគច្រើនបំផុតត្រូវរំពឹងថា នឹងទទួលបានវ៉ាក់សាំង ប៉ុន្តែលោកមិនបានបញ្ជាក់ប្រាប់ថាតើវ៉ាក់សាំងបន្ថែមនេះបានមកពីណាទេ តែបានថា រដ្ឋាភិបាលចាំបាច់ត្រូវធានាថា ពួកវាមានសុវត្ថិភាព មិនបង្កផលប៉ះពាល់ក្រោយចាក់ និងស្របតាមស្តង់ដាកំណត់ដោយរដ្ឋបាលចំណីអាហារ និងឱសថជាតិ។ នាយករដ្ឋមន្ត្រីថៃរូបនេះបញ្ជាក់ថា វ៉ាក់សាំងចំនួន០២លានដូសដំបូងនឹងមកដល់ប្រទេសថៃ ក្នុងរយៈពេល០៣ខែខាងមុខ ដោយរដ្ឋាភិបាលផ្តល់អាទិភាពសំរាប់អ្នកទទួលបានវាមុន ។
សូមជម្រាបថា បើតាមក្រសួងសុខាភិបាលថៃ វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac Biotech ក្រុមដំបូងនឹងមកដល់នៅចុងខែក្រោយចំនួន០២សែនដូស ។ ហើយ០៨សែនដូសទៀតនឹងមកដល់នៅចុងខែមីនា និង១លានដូសចុងក្រោយនឹងមកដល់នៅខែមេសាខាងមុខនេះ ខណៈបុគ្គលិកវេជ្ជសាស្ត្រ និងអ្នកស្ម័គ្រចិត្តបំរើសេវាសុខភាពតាមភូមិនឹងត្រូវចាក់មុនគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។