ហ្វៃ សំអាង ខកចិត្ត​បំផុត ក្រោយ​ដឹង​អតីត​ផ្កាយ​រះ​ក្នុង​សួន ជាប់ពន្ធនាគារ​

​ក្រោយ​ឃាត់ខ្លួន​ជាច្រើន​ថ្ងៃ ទើបតែ​បែកធ្លាយ រឿង​អតីត​បេក្ខជន​ក្នុង​កម្មវិធី “​ផ្កាយ​រះ​ក្នុង​សួន​” ទួន ឆាន​ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កន្លងទៅ​ពីបទ​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​នារី​ម្នា​ក់នៅ​ម្ដុំ​ផ្សារ​អូរឫស្សី រួចមក​បានធ្វើ​ឲ្យ អ្នក​ជួយ​ជ្រោមជ្រែង និង​ជា​អ្នករៀបចំ​កម្មវិធី លោក ហ្វៃ សំអាង ខកចិត្ត និង​សោកស្ដាយ​បំផុត​ចំពោះ​ហេតុការណ៍​មួយ​នេះ​។​

​ហ្វៃ សំអាង អ្នករៀបចំ​កម្មវិធី​”​ផ្កាយ​រះ​ក្នុង​សួន​” បាន​រៀបរាប់ថា ខ្លួន​មាន​អារម្មណ៍​សោកស្ដាយ​ខកចិត្ត​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មាន​អតីត​បេក្ខជន​រូបនេះ​ទៅ​ប្រព្រឹត្តិ​អំពើ​ដែល​សង្គម​គេ​ស្អប់ខ្ពើម​ដូច្នេះ​សោះ​។ គួរតែ​យក​សមត្ថភាព​ដែល​ខ្លួន​មាន​ទៅ​ប្រកប​របរ​ចិញ្ចឹម មិនគួរ​យកកេរ្តិ៍ឈ្មោះ​ខំ​សាង​ឡើង​យ៉ាង​លំបាកលំបិន​ទៅ​បំផ្លាញ​ត្រឹម​មួយប៉ប្រិចភ្នែក​នោះទេ​។​

​លោក ថា ទោះបីជា ទួន ឆាន​ឈុន មិនបាន​កាន់​ពាន​ក្នុង​កម្មវិធី​”​ផ្កាយ​រះ​ក្នុង​សួន​” ក្ដី តែ​រូបគេ​បានទទួល​ពាន​ប្រជាប្រិយភាព​ពី​គណៈកម្មការ និង​ទស្សនិកជន​ជាច្រើន​នៅ​សមត្ថភាព​សំឡេង​របស់គេ​។​

“​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ ក្រៅពី​សោកស្ដាយ​នោះទេ ព្រោះ​ខ្ញុំ​មិន​នឹកស្មានថា គាត់​ទៅ​ប្រព្រឹត្តិ​អំពើ​ដើរ​លួច​ឆក់​គេ​ដូច្នេះ​អ៊ីចឹង​ទេ​។ ហេតុអ្វី​គាត់​មិន​យក​សមត្ថភាព​ដែល​គាត់​មាន​ទៅប្រើ​ប្រើប្រាស់​ប្រក​បរបរ​ចិញ្ចឹមជីវិត​”​។ លោក ហ្វៃ សំអាង ថ្លែង​បញ្ជាក់​។​

​ទួន ឆាន​ឈុន ជា​អតីត​បេក្ខជន​ក្នុង​កម្មវិធី “​ផ្កាយ​រះ​ក្នុង​សួន​” រដូវ​កាល​ទី​១ ឆ្នាំ ២០១៣ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ពីបទ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ iPhone ពី​នារី​ម្នា​ក់នៅ នៅត្រង់ចំណុច​ម្ដុំ​អូ​ឫស្សី តាម​បណ្ដោយ​ផ្លូវ​លេខ ២១៥ កែង​ផ្លូវ​លេខ ១៤៦ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close