ចោរស្ទាវមួយក្រុមត្រូវបានចាប់ខ្លួនក្នុងបទចោរកម្ម
ប៉ៃលិន ៖ កាលពីវេលាម៉ោង ២១:៤៥ នាទីយប់ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការនគរបាលស្រុកសាលាក្រៅ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ដើម្បី
ធ្វើការចុះបង្រ្កាបករណី ចោរកម្ម(លួចម៉ូតូ) មួយករណីក្រោយពីជនសង្ស័យចំនួន ០៤ នាក់ធ្វើសកម្មភាពរួចរយៈពេល ២១ម៉ោង ដោយគិតពីវេលាម៉ោង ០០:៤៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រុមចោរទាំងបួនមានឈ្មោះដូចជា ជនសង្ស័យទី ០១ ឈ្មោះ ផេង ម៉ាលីហ៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនសង្ស័យទី ០២ ឈ្មោះ ឆាន ភារម្យ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនសង្ស័យទី ០៣ ឈ្មោះ តូច តូ មុខរបរ មិនពិតប្រាកដ ភេទប្រុស អាយុ ២៣ឆ្នាំ នឹងជនសង្ស័យទី ០៤ ឈ្មោះ យន្ត ហៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំងពីរនេះរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
កម្លាំងជំនាញនៃអធិការនគរបាលដកហូតបានវត្ថុតាងរួមមាន: ដែកកេះសម្រាប់ជក់គ្រឿងញៀនចំនួន ០៥ ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០១ ដែកឆាបចំនួន ០១ ដើម ព្រមទាំងម៉ូតូ ០១ គ្រឿងម៉ាក Honda Dream C125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៦ (គ្មានស្លាកលេខ) មានលេខម៉ាសីុន ៩៥៧៨៤៩៩ ដែលជារបស់ជនរងគ្រោះឈ្មោះ មឿង រ៉ាឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកកាសីុណូ(សារ៉ក់បូរី) រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនទុកនៅ អធិការនគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។