ប្រទេស​ហុ​ល្លង់ ក្លាយជា​ប្រទេស​ចុងក្រោយ​គេ​នៅ​អឺរ៉ុប​ចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង កូ​វីដ​១៩

​បច្ចុប្បន្ន​ប្រទេស ហុ​ល្លង់ កំពុងស្ថិត​ក្រោម​វិធានការ​ចាក់សោ​ប្រទេស​យ៉ាង​រឹង​រ៉ឹង​រយៈពេល​៥​សប្តាហ៍ ដែល​ត្រូវបាន​ដាក់ចេញ​នៅពេល​ករណី​ឆ្លង​បាន​លោត​ឡើង​យ៉ាងគំហុក នៅ​ទូទាំងប្រទេស​អឺរ៉ុប​មួយ​នេះ ខណៈ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អត្រា​ឆ្លង​រាលដាល​បាន​បន្ត​ថមថយ​មកវិញ ប៉ុន្តែ វិទ្យាស្ថាន​សុខភាព​សាធារណៈ ហុ​ល្លង់​បាន​និយាយថា នៅ​មិនទាន់​មើលឃើញ​ឥទ្ធិពល​ច្បាស់លាស់ ដែល​វិធាន​ការចាក់​សោមាន​ទៅលើ អត្រា​ឆ្លង​រាតត្បាត​នៅឡើយ​ទេ​។​

​សារព័ត៌មាន​ស៊ីន​ហួរ នៅ​ថ្ងៃទី​៦​ខែមករា​បាន​ផ្សាយ​ថា ប្រទេស ហុ​ល្លង់ បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ក្នុងប្រទេស​ខ្លួន ដែល​ប្រការ​ធ្វើ​ឲ្យ​ហូ​ឡង់​ក្លាយជា​សមាជិក​ចុងក្រោយ​នៃ​សហភាព​អឺរ៉ុប (EU) ដែល​បានធ្វើ​យ៉ាង​ដូច្នោះ​។​
​ការចាក់​វ៉ាក់សាំង COVID-19 នៅ​ហូ​ឡង់ បានចាប់ផ្តើម​ជាមួយ​បុគ្គលិក​នៅ​មណ្ឌល​ថែទាំ និង​បុគ្គលិក​ជួរមុខ​នៅតាម​មន្ទីរពេទ្យ​។

បុគ្គលិក​ម្នាក់​នៅ​មណ្ឌល​ថែទាំ​មួយកន្លែង​ឈ្មោះ សាន​ណា អេ​ល​កា​ឌី​រី (Sanna Elkadiri) បាន​ក្លាយជា​បុគ្គល​ដំបូង​គេ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង COVID-19 ដែល​ហូ​ឡង់​បានមកពី​ក្រុមហ៊ុន Pfizer-BioNTech នៅឯ​ទីតាំង​ផ្តល់​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ក្នុង​ក្រុង​វេ​ហ្គ៊ែ​ល (Veghel) ស្ថិតនៅ​ចម្ងាយ​១២០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ទីក្រុង​អាម​ស្ទឺ​ដាម (Amsterdam)​។​

​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ​ជាងគេ​បែបនេះ ក្នុងចំណោម​សមាជិក EU ក៏បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហូ​ឡង់​រង​ការរិះគន់​ធ្ងន់ៗ​ផងដែរ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ហូ​ឡង់​លោក ម៉ាក រូត (Mark Rutte) បាន​លើក​ហេតុផល​ថា អាជ្ញាធរ​ហូ​ឡង់​កន្លងមក​បាន​ផ្តោត​ការត្រៀម​លក្ខណៈ​សម្រាប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ឯណោះ​ទេ ព្រោះ​យល់ថា វា​ជា​វ៉ាក់សាំង​ដែល​ងាយស្រួល​ចាត់ចែង​ទុកដាក់​ជាង​វ៉ាក់សាំង​របស់ Pfizer​។ យ៉ាងណាមិញ មកទល់ពេលនេះ វ៉ាក់សាំង​របស់ AstraZeneca មិនទាន់​ទទួលបាន​ការអនុញ្ញាត​ពី EU ឡើយ​។​

​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer ដែល​តម្រូវ​ឲ្យ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ដ៏​ត្រជាក់​ខ្លាំង​នោះ គឺជា​វ៉ាក់សាំង COVID-19 តែមួយគត់ ដែល​ត្រូវ​បានអនុម័ត​ឲ្យ​ប្រើប្រាស់​ដោយ ទីភ្នាក់ងារ​ស្តង់ដា​ឱសថ​របស់​សហភាព​អឺរ៉ុប ដែល​ឥឡូវ​កំពុង​ពិចារណា​ផ្តល់​ការអនុញ្ញាត​លើ​វ៉ាក់សាំង COVID-19 មួយទៀត គឺ​របស់​ក្រុមហ៊ុន Moderna​។​


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close