កម្ពុជា បន្តរកឃើញពលករខ្មែរ២នាក់ទៀត ឆ្លងជំងឺកូវីដ១៩ ដែលធ្វើដំណើរមកពីប្រទេសថៃ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញពលករខ្មែរ ចំនួន២នាក់ថែមទៀត ដែលទើបធ្វើដំណើរមកពីប្រទេសថៃ ឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងក៏បានប្រកាសថា មិនមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩នេះទេ។
ពលករខ្មែរដែលឆ្លងកូវីដ១៩ថ្មីនេះរួមមាន៖
១៖ បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
២៖ បុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៣នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។