យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ៥​គ្រាប់ រកឃើញ​នៅ​ស្រុក​គាស់ក្រឡ និង​ស្រុក​ថ្មគោល ត្រូវ​អង្គភាព​ស៊ីម៉ាក់​យកទៅ​កំទេចចោល​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​គាស់ក្រឡ និង​ស្រុក​ថ្មគោល​បាន​ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៥​គ្រាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ។​

​តាម​សេចក្តីរាយការណ៍​ពីស​មត្ដ​កិច្ច​ក្នុងស្រុក​គាស់ក្រឡ បានអោយដឹងថា មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៣​គ្រាប់​គឺ ប្រភេទ​គ្រាប់ F1 ចំនួន​២​គ្រាប់ និង​គ្រាប់​ប្រភេទ M381 ចំនួន​១​គ្រាប់ ដែល​ស្ថិត​ក្នុងភូមិ​ស្ពាន ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ​។

​ចំនែក​ស្រុក​ថ្មគោល នៅ​ថ្ងៃ​ដដែល មាន​ប្រជាពលរដ្ឋ​ឈ្មោះ ប៉ាង ទេព​នូ​ដា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កណ្ដាល​ជើង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល បាន​ប្រទះឃើញ​គ្រាប់បែកដៃ​ចំនួន ០២​គ្រាប់​គឺ ម៉ាក​អន្លូង​០១​គ្រាប់ និង​ផ្លែទៀប​០១​គ្រាប់ នៅពេល​កំពុង​ជីក​គល់​ចន្ទ​គិរី នៅ​ចំណុច​វាល​ទួល​ស្នួល​ក្នុងភូមិ​កណ្ដាល​ជើង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ។​

​ក្រោយ​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ស្រុក​ទាំងពីរ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ដល់ទី​កន្លែង និង​បាន​រាយការណ៍​ជូន​អង្គភាព​ស៊ីម៉ាក់​ដើម្បី​យកទៅ​កំទេចចោល ៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close