ស្រវឹងស្រា កាប់​មនុស្ស​៣​នាក់​របួសធ្ងន់ ដោយសារ​ខឹង​ប្រពន្ធ​គេ​ជេរ​ប្តី មិនឲ្យផឹកស៊ី​ជាមួយ នៅ​ស្រុក​កៀនស្វាយ​

​ខេត្តកណ្តាល​៖ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ពាកព័ន្ធ​ករណី​បទល្មើស​ប៉ុន​ប៉ុង​ឃាតកម្ម​កាប់​ជនរងគ្រោះ​ចំនួន ៣​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ៣​នាក់​ខាងលើ ឈ្មោះ សុខ ចាន់​ឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ (​រងរបួស​ធ្ងន់​) ,​ឈ្មោះ រស្មី ស្រី​យ៉ា ភេទ​ស្រី អាយុ​១៣​ឆ្នាំ (​រងរបួស​ធ្ងន់​) និង​ឈ្មោះ រស្មី សូ​ជី​ញ ភេទ​ស្រី អាយុ​៨​ឆ្នាំ (​រងរបួស​ធ្ងន់​)​។ ទាំង​៣​នាក់ រស់នៅ​ភូមិ​រទាំង​ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ រីឯ​ជនសង្ស័យ​ឈ្មោះ ច​ន សុវណ្ណ​ចាន់​តុ​កុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​ប្រភព​ថា មុនពេល​កើតហេតុ ជនសង្ស័យ បាន​ផឹកស៊ី​ជាមួយ​ប្ដី​ជនរងគ្រោះ​ឈ្មោះ​ ​ផាន ភក្តី អាយុ​៣៨​ឆ្នាំ លុះ​ពេល​ផឹក​អស់​ស្រា និង​សាច់​ក្លែម ប្តី​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ស្រា និង​សាច់​ក្លែម លុះ​ពេល​ត្រឡប់មកវិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​កូន មាន​រងរបួស​ស្នាម​ពេញ​ខ្លួន​តែម្តង​។​

​ករណីនេះ ដោយសារ​ជនសង្ស័យ កំពុង​ផឹកស្រា​ជាមួយ​ប្ដី​ជនរងគ្រោះ តែ​ជនរងគ្រោះ បាន​រអ៊ូរទាំ​ជេរ​ប្ដី​មិន​ឲ្យ​ផឹកស្រា​ជាមួយ​ជនសង្ស័យ លុះ​ពេល​ប្ដី​ជនរងគ្រោះ​ទៅ​ទិញ​ស្រា​បៀរ និង​សាច់​ក្លែម​បាត់ ជនសង្ស័យ​​ធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ​ទាំង ៣​នាក់​តែម្តង រួច​ក៏​រត់​គេចខ្លួនបាត់​។

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​នាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close