ឯកឧត្ដម ស៊ុន ចាន់ថុល ចុះ​ពិនិត្យការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ក៏ដូចជា​ពិនិត្យ​គុណភាព​សម្ភារ​បរិក្ខារ​ប​ច្ចេកទេស​សម្រាប់​ស្ថាបនា​ផ្លូវ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។

​

​គោលបំណង​នៃ​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​ចំណុច​ខ្វះខាត ក៏ដូចជា​បញ្ហា បច្ចេកទេស​ទាក់ទង​នឹង​ការសាងសង់ ដើម្បី​ជំរុញ​ឱ្យ​អង្គភាព​សាងសង់​ធ្វើការ​កែសម្រួល​បំពេញបន្ថែម លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ និង​ស្របតាម​សៀវភៅ​បន្ទុក សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ មានគុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន​០៨ រួមមាន​៖ ១) កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់​នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន​សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន​គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប ដើម្បី​ពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់ និង​ការ​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដា​បច្ចេកទេស ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ពេលវេលា​។​

​ថ្លែង​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​នាឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំ​ផ្ញើឱ្យ​អង្គភាព​សាងសង់​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​សាងសង់ ដោយ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សាងសង់ និង​សៀវភៅ​បន្ទុក​ដែល​បាន​ព្រមព្រៀង ចៀសវាង​ការសាងសង់​រួច ត្រូវ​គាស់កកាយ ជួសជុល​ឡើងវិញ​ដែលនាំឱ្យ​ខាតបង់​ថវិកា​បន្ថែមទៀត​។

​សូមបញ្ជាក់ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប​១០៨,៧៤ គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០ លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដោយ​ប្រើប្រាស់​រយៈ ពេល​សាងសង់​ចំនួន ១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close