ក្រសួងការពារជាតិប្រគល់ភារកិច្ចកំពូលចំនួនបីដល់លោក ហ៊ុន ម៉ាណែត
ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិថា បានប្រគល់ភារកិច្ចកំពូលចំនួន ៣ក្នុងពេលតែមួយដល់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមលើមុខងារបច្ចុប្បន្នជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ។
តំណែងកំពូលទាំងបីដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានបន្ថែមនោះ គឺទី១) ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, ទី២) ជានាយសេនាធិការចម្រុះស្ដីទី និងទី៣) ជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលតំណែងមេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការកងទ័ពជើងគោកស្ដីទី បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដនៅខេត្តព្រះវិហារ នឹងភារកិច្ចជានាយសេនាធិការចម្រុះស្ដីទី គឺក្រោយពីលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នៅខេត្តឧត្តរមានជ័យ។
យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពូជាបានចែងថា : “អ្នកណាក៏ដោយ ឲ្យតែជា មន្ត្រីរាជការ យោធា និងនគរបាល ត្រូវតែព្យួរឈ្មោះឬតំណែង មុននឹងទៅឈរជាបេក្ខជនតំណាងរាស្ត្រ”។ ចំណែកមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់ថា : “ប្រសិនបើមន្រ្តីរាជការសីុវិល មន្រ្តីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាប់ឆ្នោត សាមីខ្លួន ត្រូវដាក់ពាក្យទៅកាន់សាមីក្រសួង ឬសាមីអង្គភាព ដើម្បីសុំទៅបម្រើការងារក្រៅក្របខ័ណ្ឌដើម ក្នុងរយៈពេលអាណត្តិរបស់ខ្លួន” ៕
នាយឧត្តមសេនីយ៍ គន់ គីម
នាយឧត្តមសេនីយ៍ មាស សុភា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។