ក្រុមហ៊ុន Facebook និង Instagram ផ្អាកគណនីយលោក ដូណាល់ ត្រាំ ដោយមិនកំណត់ពេល

អាមេរិក៖ នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg នៅថ្ងៃសុក្រនេះនិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានរារាំងមិនឲ្យប្រើប្រាស់ Facebook និង Instagram ដោយគ្មានកំណត់ពេល ក្រោយមានការអុកឡុងនៅវិមានសភាដ៏សាហាវដោយអ្នកគាំទ្រលោក ត្រាំ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។

លោក Zuckerberg បានបង្ហោះសារនៅលើ Facebook ថា ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បានបង្ហាញយ៉ាងច្បាស់ថា លោកត្រាំ មានចេតនាប្រើប្រាស់ពេលវេលាដែលនៅសល់ក្នុងតំណែងរបស់លោក ដើ ម្បីធ្វើឲ្យអន្តរាយដល់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងស្របច្បាប់ ទៅឲ្យអ្នកស្នងតំណែងដែលបានជាប់ឆ្នោតគឺលោក ចូ បៃដិន ។
យើងជឿជាក់ថា ហានិភ័យនៃការអនុញ្ញាតឲ្យលោកប្រធានាធិបតីបន្តប្រើប្រាស់សេវាកម្មរបស់យើងក្នុងអំឡុងពេលនេះ គឺពិតជាខ្ពស់ខ្លាំងណាស់ ។ ដូច្នេះយើងកំពុងពង្រីកបម្រាមដែលយើងបានដាក់នៅលើគណនី Facebook និង Instagram របស់គាត់ដោយគ្មានពេលកំណត់ ហើយយ៉ាងហោចណាស់ពីរសប្តាហ៍ទៀតរហូតដល់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធីត្រូវបានបញ្ចប់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។