នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី​សៀង​ឡុង បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

​ប្រទេស​សិង្ហ​បុរី បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ តាំ​ពី​ចុងខែ​ធ្នូ ឆ្នាំ​២០២០ ហើយ​វ៉ាក់សាំង​គឺ​ទិញ​មកពី​ក្រុមហ៊ុន​Pfizer-BioNTech ។ ពលរដ្ឋ​ទាំងអស់ នៅក្នុង​ប្រទេស​នេះ​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដោយ​អត់​គិតថ្លៃ​។​

​សារព័ត៌មាន​CNA នៅ​ទី​០៨ ខែមករា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង នៅ​ថ្ងៃ​សុក្រ​នេះ ទើបតែ​បានទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២០​។​

​លោក លី សៀន​ឡុង បានប្រកាស​ដំណឹង​ខាងលើ​តាមរយៈ​ការ​បង្ហោះ​សារ​មួយ នៅលើ​បណ្តាញ​សង្គម Facebook ដោយមាន​ភ្ជាប់​នូវ​ឃ្លី​ប​វីដេអូ​បង្ហាញ​ពី សកម្មភាព​លោក​ទទួល​ការចាក់​វ៉ាក់សាំង នៅឯ​មន្ទីរពេទ្យ​សិង្ហ​បុរី​មួយកន្លែង​។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​វ័យ​៦៨​ឆ្នាំ​រូបនេះ បាន​បន្ថែមថា មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​លោក ខេន​ណេ​ត ម៉ាក (Kenneth Mak) ក៏​ទទួលបាន​ការចាក់​វ៉ាក់សាំង​ជាមួយ​លោក​ដែរ​។​

​គួរ​បញ្ជាក់ថា សិង្ហ​បុរី​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​លោក លី បាន​និយាយថា ការចាក់​លក្ខណៈ​ទ្រង់ទ្រាយ​កាន់តែ​ធំ​សម្រាប់​បុគ្គលិក​សុខាភិបាល នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​សម្រាប់​ជន​ចាស់ជរា​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​។​

​មកទល់ពេលនេះ សិង្ហ​បុរី​បានអនុម័ត​ឲ្យ​ប្រើប្រាស់​តែ​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Pfizer-BioNTech មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ដទៃទៀត​ដូចជា Moderna និង Sinovac ដើម្បី​ទិញ​ឲ្យ​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ប្រជាជន​ប្រមាណ​៥.៧​លាន​នាក់​របស់ខ្លួន​ផងដែរ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close