អភិបាលខេត្ត​កំពង់ធំ អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់ សូម​រក្សា​គម្លាត​សុវត្ថិភាព និង​រក្សា​អនាម័យ​ឱ្យបាន​ជាប់​ជានិច្ច

​ខេត្តកំពង់ធំ​៖ ថ្លែង​នៅក្នុង​ពិធី​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​២០២១ នៅ​វិទ្យាល័យ​ហ៊ុនសែន​បល្ល័ង្ក ស្ថិតនៅក្នុង​ក្រុង​ស្ទឹងសែន នា​ព្រឹក​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់ សូម​រក្សា​គម្លាត​សុវត្ថិភាព និង​រក្សា​អនាម័យ​ឱ្យបាន​ជាប់​ជានិច្ច ដើម្បី​ជៀសវាង​នូវ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​១៩ នៅ​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការសិក្សា និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​។

​ជាមួយគ្នា​នោះដែរ​ឯកឧត្តម សុខ លូ បាន​អាន​សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ ព្រមទាំង​មានប្រសាសន៍​បន្ថែមទៀត​ថា ក្មួយៗ​សម័យនេះ ពិតជា​មានភ័ព្វ​សំណាង​ណាស់ ដែល​បានរស់នៅ​ក្រោម​ម្លប់​សន្តិភាព​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​វិស័យ​អប់រំ​នេះ ដែល​បាន​សាងសង់​អគារសិក្សា​ខ្ពស់ មាន​បន្ទប់រៀន​ស្អាត ធំ​ទូលាយ វិស័យ​អប់រំ​ល្អ និង​មាន​គុណភាព​។​

​ឯកឧត្តម​បន្តទៀតថា កន្លងមក​អត្រាកំណើន​សិស្ស​នៃ​ការប្រឡង​ជាប់​បាក់​ឌុប និង​សិស្ស​ពូកែ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គឺមាន​ការកើនឡើង ហើយ​សង្ឃឹមថា ថ្នាក់​ទី ១២ ឆ្នាំនេះ​នឹងមាន​សិស្ស​ប្រឡង​ជាប់​បាន​ច្រើន នឹង​ទទួលបាន​និទ្ទេស​ល្អ​ថែមទៀត​។ ដូច្នេះ​សូម​ក្មួយៗ ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បី​ក្លាយជា​សិស្ស​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម ហើយ​ជា​ទំពាំង​ស្នង​ឬ​ស្សី​សំរាប់​អនាគត​ប្រទេសជាតិ​យើង​។

​លើសពីនេះ​ទៀត ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ សូម​ខិតខំ​បន្ត​ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត​អំពី​ការរស់នៅ​បែប​កន្លង​ថ្មី ដើម្បី​ជៀសវាង​ឆ្លង​នូវ​ជំងឺ​កូ​វីដ​19 ដោយ​រក្សា​គម្លាត​សុវត្ថិភាព ការរក្សា​អនាម័យ​ឱ្យបាន​ជាប់​ជានិច្ច រាល់​ការធ្វើដំណើរ ត្រូវ​ពាក់​ម៉ាស នឹងមាន​ទឹក​អា​កល់​ឬ​ជែ​ល​លាងដៃ យកតាម​ខ្លួន​ជានិច្ច មិន​ត្រូវមាន​ការជួប​ជុំគ្នា​នោះទេ ហើយ​ជំងឺ​កូ​វីដ​19 នេះ មិនមែន​កើតមាន​តែ​នៅ​ប្រទេស​កម្ពុជា​នោះទេ​គឺ​កើតមាន​នូវ​ទូទាំង​សាកលលោក ដោយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នោះទេ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close