ឆ្នាំ២០២០ ពន្ធដារ ប្រមូលចំណូលពន្ធ-អាករជិត ៣ពាន់លានដុល្លារ
ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវឌ្ឍនភាពការងារ បានអោយដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១១ ៧០០.៥២ប៊ីលានរៀល (ប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក) ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៤២៣.២០ ប៊ីលានរៀល (ប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣.៧៣% ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេស មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២០ កន្លងមក និងក្រោមការដឹកនាំចង្អុលបង្ហាញ ប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។