ដុត​សំរាម​ស្លឹកឈើ​ងាប់ រាល​ឆេះ​ផ្ទះ​លក់​អេតចាយ​១​កន្លែង ក្នុង​ក្រុង​សៀមរាប

​ខេត្តសៀមរាប​៖ កាលពី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ទិញ​លក់​អេតចាយ ស្ថិតនៅ​ក្រុមទី​៧ ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

​អាជ្ញាធរ បានអោយដឹងថា មាន​ប្រជាពលរដ្ឋ​ឈ្មោះ ជា ម៉ិច ភេទ​ប្រុស អាយុ​៤១​ឆ្នាំ បាន​ដុត​សំរាម​ស្លឹកឈើ​ងាប់ៗ នៅ​ដី​របស់ខ្លួន ដែល​ជាប់​នៅ​កន្លែងកើតហេតុ ហើយក៏​ឆេះ​រាលដាល​ដល់​កន្លែង​អេតចាយ​តែម្ដង​។​

​រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ លឿង ប៊ុន​ចូ​វ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្ដាល​ឲ្យ​រង​ការខូចខាត ឆេះ​គំនរ​កំទេច​ជ័រ​សំបក​ទូរទស្សន៍​អេតចាយ ដែល​ស្តុក​ទុក​នៅ​ខាងក្រោយ​ដែលមាន​តម្លៃ​ប្រហែល​ជាង ៣,០០០,០០០​រៀល តែ​មិនមាន​ប៉ះពាល់​អាយុជីវិត​ប្រជាពលរដ្ឋ​ទេ​។​

​ករណីនេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង ទើប​អាច​បាញ់​ពន្លត់ភ្លើង​ឲ្យ​រលត់ទៅវិញ​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close