ជំនួញឈើទៅកាន់ប្រទេសវៀតណាមតាមច្រកដាក់ដាំ ចាប់ផ្តើម​ឡើងវិញ ក្រោម​ការ​ឃុបឃិតជា​ប្រព័ន្ធ

បើតាម​សេចក្តីរាយការណ៍​ពី​ខេត្តមណ្ឌលគីរីបាន​ឲ្យដឹងថា ក្រោយ​ពីស្ងប់ស្ងាត់​អស់​មួយ​រយៈ​ធំ ឥឡូវនេះ ការដឹកជញ្ជូនឈើ​បាន​ចាប់ផ្តើម​ឡើងវិញហើយ។

សេចក្តីរាយការណ៍ថា ជារៀងរាល់យប់ ឈើ​ត្រូវ​គេ​ដឹកចេញទៅ​កាន់ប្រទេសវៀតណាមតាមច្រករបៀង ដាក់ដាំ ដោយ​មាន​មេ​ប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រក គឺ​លោក យូ សុធា ជា​អ្នក​បើកបារ៉ាស់ អនុញ្ញាត​ឲ្យ​រថយន្តដឹកឈើ​ចេញទៅ​ប្រទេសវៀតណាម។

តាម​ប្រភពពី​មន្ត្រី​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ មួយចំនួន​ថា ខណៈ​ដែល​មជ្ឈដ្ឋានទូទៅ​កំពុង​ភ្លេច​ខ្លួន ហើយ​កំពុង​ចាប់អារម្មណ៍​នឹង​ជំងឺកូវីដ​១៩នោះ ឈ្មួញក៏​កំពុងសម្រុកដឹកឈើចេញទៅប្រទេស​វៀតណាម​តាមច្រក​ដាក់​ដាំ យ៉ាង​គគ្រឹកគគ្រេង ​ហើយ​លោក យូ សុធា មេ​ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វានេះក៏​កំពុងសប្បាយប្រមូល​លុយ​ផងដែរ​។

ជាមួយ​គ្នា​នេះដែរ បើ​តាមមន្ត្រីនគរបាល​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ​លោក យូ សុធា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ដាក់​ដាំនេះ គឺធ្លាប់​ល្បីល្បាញ​ខាង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យូរ​ឆ្នាំ​មក​ដោយ​គ្មាន​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ចាប់បានទេ ដោយ​តាំងពី​ជំនាន់​លោក អ៊ុក សំណាង នៅ​ធ្វើជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី រហូតដល់​សម័យ​លោក ឡោ សុខា មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺ​ លោក យូ សុធា នៅតែមាន​អំណាច​យ៉ាង​ធំធេង​ ក្នុង​ការឃុបគិត ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ប្រទេសវៀតណាម​តាម​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​ដដែល​។

ពាក់ព័ន្ធនឹងករណីនេះ យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺពីលោក យូ សុធា មេប៉ុស្តិ៍ច្រកដាក់ដាំបានទេនៅថ្ងៃនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close