ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានលេខ ០០១ សប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ថា
ប្រទេសកម្ពុជា៖ ជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន អន្តរជាតិជ្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយ របាយការណ៍ ស្តីពីការផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងកូវីង១៩ បានល្អបំផុតនៅលើពិភពលោក ក្នុងនោះ ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីSaint Kits និងNevis ដែលជារដ្ឋតូចនៃតំបន់ ការ៉ាអ៊ឺប និងស៊ីស្សែល។ ជាងនេះទៅទៀត កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យ សេដ្ឋកិច្ចសេណេហ្កាលដដែលបានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា “កម្ពុជាបានជាប់ចំណាត់ថ្នាក់ លេខ ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩” ដែលមាន ពិន្ទុ ១/១(១ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ថ្នាក់ ) ក្នុងចំណោម ១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មក គឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ ដែលមានពិន្ទុ ០,៩៩។
ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ ១៩ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងការ មកទស្សនាទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។ ចំណាត់ថ្នាក់នេះ ជាមោទនភាពជាតិ មួយផ្សេងទៀតរបស់ប្រទេសកម្ពុជា និងជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយ “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ” ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់។
ក្នុងន័យនេះ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ការជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ របស់កម្ពុជា និងស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ដែគូអភិវឌ្ឍន៍ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ក្នុងការផ្សព្វផ្សាយដំណឹងដ៏រីករាយនេះដល់ដៃគូពាក់ព័ន្ធ ទេសចរជាតិ អន្តរជាតិទាំងអស់នៅជុំវិញពិភពលោកថា “កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ “៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។