កូរ៉េ​ខាងជើងអបអរសាទរជោគជ័យមហាអស្ចារ្យលោកសេនាប្រមុខ គីម ជុងអ៊ុន

កូរ៉េខាងជេីង ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង (KCNA) ដែលជាប្រព័ន្ធឃោសនាការ តែមួយគត់របស់របបនេះ បានចុះផ្សាយអួតសរសើរ ថាជំនួបកំពូលកាលពីថ្ងៃទី ១២មិថុនា នៅឯសិង្ហបុរី​ គឺជាជោគជ័យមហាអស្ចារ្យ មហាលោតផ្លោះ របស់លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូល ដ៏ឈ្លាសវៃ អង់អាចក្លាហាន នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

ប្រភពដដែលនេះ បានសរសេរសង្កត់ធ្ងន់ថា លទ្ធផលដ៏គាប់ប្រសើរនៃជំនួបកំពូលនេះ គឺលោក គីម ជុងអ៊ុន បានធ្វើឲ្យលោក​​​ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ព្រមសុខចិត្ត ធ្វើសម្បទានជាច្រើនចំណុចដោយសន្យា​​នឹងលោកគីម ជុងអ៊ុនថា នឹងផ្អាក លែងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយ​នឹង​កូរ៉េខាងត្បូង ហើយក៏បានសន្យា​ថានឹង​ ដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ច ចេញពីកូរ៉េខាងជើង ទៀង​ផង។ ប្រព័ន្ធឃោសនាកូរ៉េខាងជើងដដែលនេះ បានសង្កត់ធ្ងន់ថា គឺវាមាន​ន័យថា លោកដូណាល់ ត្រាំ បានទទួលស្គាល់ថា ការធ្វើសមយុទ្ធយោធារវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង គឺជាទង្វើគំរាមកំហែង និង នាំរឿង។

បន្ថែមលេីសពីការសន្យាខាងលេី លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន បានអញ្ជើញគ្នា ទៅវិញទៅមក ឲ្យមកធ្វើទស្សនៈកិច្ចនៅប្រទេសរៀងៗខ្លួន ដើម្បីរិតចំណងមិត្តភាពនេះ ឲ្យកាន់តែរឹងមាំ។ មេដឹកនាំទាំង២ បានទទួលយល់ព្រមទៅនឹងការអញ្ជើញ របស់ភាគីម្ខាងទៀត ដោយការពេញចិត្តទៀតផង។

សូមបញ្ជាក់ផងដែរថា ជំនួបកំពូល រវាងមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារនេះ ត្រូវបានបណ្តាញព័ត៌មានទូទាំងសកលលោក ​ផោ្តត​ការយកចិត្តទុកដាក់ ជាខ្លាំង។ ស្នាមញញឹម ភាពស្និទស្នាលចាប់រលាក់ដៃ អង្អែលស្មារគ្នាទៅវិញទៅមក រវាងលោកត្រាំ និងគីម ជុងអ៊ុននាពេលនោះ  គឺវាផ្ទុយស្រលះ ពីប៉ុន្មានខែមុន ដែលមេដឹកនាំទាំង២នេះ តែងតែ​សរសេរសារ ជេរប្រមាថគំរាមកំទេចគ្នាទៅវិញទៅមក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close