សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្នុងឱកាស​ទិវា​នៃ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៥

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សារលិខិត​ផ្ញើ​សារ​ជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្នុងឱកាស​ទិវា​នៃ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៥ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។

​ក្នុង​សារលិខិត​ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន សូម​អធ្យាស្រ័យ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ឆ្នាំនេះ រាជរដ្ឋាភិបាល​មិនអាច​រៀបចំ​ពិធី​ជួបជុំ រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​ដូច​ឆ្នាំ​កន្លងទៅ​ដោយសារ​ការរីក​រាលដាល​ឆ្លង ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត និង​គម្រាមកំហែង​ដល់​សុខភាព​សាធារណៈ សេចក្ដីសុខ សាន្ត និង​អាយុជីវិត​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​នៅ​ទូទាំង​សកលលោក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​លើក​ទី​៥ ដែល​ត្រូវ​រៀបចំ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន កម្ពុជា ដែល​ជំនួប​លើក​ទី​៤ កាលពី​ឆ្នាំ​កន្លងទៅ​មាន​អ្នកសារព័ត៌មាន​ចូលរួម​ប្រមាណ​ជាង ៥០០០​នាក់ ដែលជា​ការជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ក្នុង​គោលបំណង​បង្កើន សាមគ្គីភាព​និង​ពង្រឹង​ភាពជា​ដៃគូរ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ដើម្បី​លើកស្ទួយ​សិទ្ធិ សេរីភាព​ខាង​ការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន​ដែល​គាំពារ​ដោយ​ច្បាប់​រដ្ឋ និង​ធានាបាន​នូវ សុខដុម​នីយកម្ម​នៅក្នុង​សង្គម ការថែរក្សា​សុខសន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close