ហ្វីលីពីន រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​១៩ ទម្រង់​ថ្មី ជា​លើកដំបូង

​ហ្វីលីពីន​៖ អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​បាន​រកឃើញ​ជា​លើកដំបូង​នូវ​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩​ទម្រង់​ថ្មី ដូចគ្នា​ទៅនឹង​វីរុស​នៅ​ចក្រភព​អង់គ្លេស ដែល​ឆ្លង​រាតត្បាត​យ៉ាង​លឿន នេះ​បើតាម​សារព័ត៌មាន​ស៊ីន​ហួរ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ។​

​ក្រសួងសុខាភិបាល​ហ្វីលីពីន DOH និង​មជ្ឈមណ្ឌល​ហ្សែ​ន​ហ្វីលីពីន PGC បាន​និយាយថា វីរុស​កូ​រ៉ូ​ណា​ទម្រង់​ថ្មី​ដែល​ហៅថា VUI-202012/01 ឬ lineage B117 ត្រូវបាន​រកឃើញ​នៅក្នុង​ខ្លួន​ភ្នាក់ងារ​អចលនទ្រព្យ​ម្នា​ក់នៅ​ទីក្រុង កេ​ហ្សុ​ន ស៊ី​ធី​។​បុរស​នេះ​ធ្លាប់បាន​ទៅ​អារ៉ាប់​រួម​អេ​មី​រ៉ាត់ ចាប់ពី​ថ្ងៃ​២៧ ខែធ្នូ​ដល់ទី​៧ ខែមករា ។​ជននេះ​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩ នៅ​មួយថ្ងៃ​ក្រោយ​វិលត្រឡប់​ពី​ទីក្រុង​ឌូ​បៃ មកដល់​ទីក្រុង​ម៉ានីល​។​

​ឆ្លើយតប​នឹង​បញ្ហា​ខាងលើនេះ រដ្ឋាភិបាល​ហ្វីលីពីន​ហាមឃាត់​អ្នកដំណើរ​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​នាពេល​ថ្មីៗ​ទៅកាន់​ចក្រភព​អង់គ្លេស និង​៣២​ប្រទេស និង​តំបន់​ផ្សេងទៀត ដើម្បី​ការពារ​កុំអោយ​មានការ​ឆ្លង​រាលដាល​ថ្មីៗ​នៅក្នុង​ប្រទេស ខណៈ​អ្នកជំនាញការ​សុខភាព​ព្រមាន​ថា វីរុស​កូ​វីដ​១៩​ទម្រង់​ថ្មី​នេះ​អាច​នាំអោយ​ចំនួន​ឆ្លង​នៅ​ហ្វីលីពីន​កើនឡើង​១៥​ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close