រកឃើញសារធាតុបូរ៉ាក់ ក្នុងពពុះសណ្តែក ១២គីឡូក្រាម នៅផ្សាថ្មីអន្លង់វែង ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តការងារចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ នៅផ្សាថ្មីអន្លង់វែង ស្ថិតក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ១៤គំរូដូចជា៖ ពពុះសណ្ដែក នំបញ្ចុក បាញ់កញ់ មីសួរ សរសៃលត ណែមសាច់ត្រី និងណែមត្រចៀកជ្រូក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់រួមមាន៖
-ពុះសណ្ដែក ចំនួន ១២ គីឡូក្រាម
-បាញ់កាញ់ ចំនួន ២.៥ គីឡូក្រាម។
សរុបដកហូតបានចំនួន ១៤.៥០គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។
ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។