ស្លាប់៧នាក់ និងរបួសរាប់រយនាក់ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិ BNPB បាននិយាយថា គ្រោះរញ្ជួយដីក្នុងកម្រិត៦.២រ៉ិកទ័របានវាយប្រហារកោះ ស៊ូឡាវេស៊ី របស់ឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ បណ្តាលអោយមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ខណៈប្រជាជនជាច្រើនត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយសំណង់អគារជាច្រើនត្រូវរងការបំផ្លិចបំផ្លាញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
ស្នូលរញ្ជួយស្ថិតនៅចម្ងាយ៦គីឡូម៉ែត្រពីទីក្រុង ម៉ាចេណេ និងមានជំរៅ១០គីឡូម៉ែត្រ ។ បើតាមទីភ្នាក់ងារដដែលនេះ អ្នកស្រុកដែលភិតភ័យរាប់ពាន់នាក់បានប្រញាប់ប្រញាល់រត់ចេញពីផ្ទះសម្បែងរបស់គេ ដើម្បីសុវត្ថិភាព ក្រោយកើតមានគ្រោះរញ្ជួយដីភ្លាមៗ តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិទេ ។
សូមជម្រាបផងដែរថា ឥណ្ឌូនេស៊ីជាប្រទេសស្ថិតនៅទ្រនទ្វីប «កងភ្លើងប៉ាស៊ីហ្វិក» ដែលនាំអោយវាជួបការផ្ទុះភ្នំភ្លើង និង គ្រោះរញ្ជួយដីជាញឹកញាប់ ។ តួយ៉ាងកាលពីឆ្នាំ២០១៨ គ្រោះរញ្ជួយដីក្នុងកម្រិត៦.២រ៉ិកទ័រមួយ និង រលកយក្សស៊ូណាមិបានវាយប្រហារទីក្រុង Palu នៅកោះស៊ូឡាវេស៊ី ដែលបណ្តាលអោយមានមនុស្សស្លាប់រាប់ពាន់នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។