អ្នកសារព័ត៌មានកម្ពុជា មកពី២០ស្ថាប័ន ចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត
ខេត្តមណ្ឌលគិរី៖ អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចំនួនជាង ៣០នាក់ មកពី ២០ ស្ថាប័ន នឹងចូលរួមដំណើរទស្សនកិច្ចសារព័ត៌មាន ដែលត្រូវបានរៀបចំឡើងរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការ WWF ទៅកាន់ដែនជម្រកសត្វព្រៃស្រែពកនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នឹងដឹកនាំដំណើរទស្សនកិច្ចនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួង និងមន្ទីរបរិស្ថាន លោក សេង ទៀក នាយកអង្គការ WWF ព្រមទាំងបុគ្គលិកសំខាន់ៗនៃអង្គការ WWF សរុបទាំងអស់ចំនួនប្រមាណជាង ៥០រូប។
ទស្សនកិច្ចសារព័ត៌មាននេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននៅកម្ពុជា និងអ្នកចូលរួមទាំងអស់ក្នុងការស្វែងយល់អំពីសារៈសំខាន់ និងសក្តានុពលរបស់ដែនជម្រកសត្វព្រៃស្រែពក ដែលជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតសម្រាប់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប និងសម្រាប់ការស្តារឡើងវិញនូវប្រភេទសត្វព្រៃសំខាន់ដែលមានតម្លៃជាសកល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ចជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។