ចិនរកឃើញវីរុសកូវីដ១៩ នៅលើ ការ៉ែម បង្កក្តីបារម្ភយ៉ាងខ្លាំង
មន្ត្រីនៅទីក្រុង Tianjin ប្រទេសចិនបានរកឃើញវីរុសកូវីដ១៩ នៅលើការ៉ែម បង្កក្តីបារម្ភយ៉ាងខ្លាំង ខណៈការឆ្លងរាលដាលកូវីដ១៩ ជាថ្មីកំពុងតែកើនឡើងក្នុងប្រទេសចិន។
សារព័ត៌មាន AP នៅថ្ងៃទី១៧ខែមករា បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលចិនបានឲ្យដឹងថា វីរុសកូវីដ១៩ត្រូវបានគេរកឃើញនៅលើការ៉ែម ធ្វើឲ្យមន្ត្រីក្នុងទីក្រុងTianjin ដើរប្រមូលយកការែមទាំងអស់។ តាមការប្រកាសរបស់ ក្រុមហ៊ុន Daqiaodao Food Company នៅទីក្រុងធានជីន ជាប់នឹងរដ្ឋធានីប៉េកាំង ត្រូវបានបិទ ក្រោយរកឃើញការ៉ែមមានផ្ទុកវីរុសកូវីដ១៩ ។ ប៉ុន្តែមកទល់ពេលនេះគេមិនទាន់រកឃើញឆ្លងទៅកាន់មនុស្សនៅឡើយទេ។
អាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់បន្ថែមថា ការ៉េមទាំងអស់នោះគឺជាផលិតផលក្នុងស្រុក មានចំនួនជាក់ស្តែង ៤,៨៣៦ ប្រអប់ ហើយនៅក្នុងនោះមាន៖ ការ៉េម ចំនួន ២,០៨៩ ត្រូវបានគេរក្សាទុកនៅក្នុងស្តុក ការ៉េមចំនួន ១,៨១២ ប្រអប់ត្រូវបានចែកចាយទៅកាន់ផ្សារចំនួន៩៣៥ កន្លែងនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសចិន និងការ៉េមចំនួន ៦៥ ប្រអប់ទៀតត្រូវបានលក់ឲ្យទៅកាន់អតិថិជនរួចរាល់ហើយ។
សូមជម្រាបថា អាជ្ញាធរចិន បន្ទាប់ពីការកឃើញភ្លាមៗ បានសម្រេចឲ្យបុគ្គលិកដែលបានធ្វើការងារពាក់ព័ន្ធជាមួយនឹងការផលិតផល និងចែកចាយការ៉េមចំនួន ១,៦៦២នាក់ ត្រូវផ្អាកពីការងារជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័កនិងទៅធ្វើតេស្តរកមេរោគ។
ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានអំពាវនាវឲ្យពលរដ្ឋដែលបានទិញ ឬប៉ះពាល់ការ៉េមទាំងនេះត្រូវទៅធ្វើតេស្តរកជំងឺកូវីដ ១៩ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការចម្លងមេរោគបន្តទៅក្នុងសហគមន៍ក្នុងករណីដែលពួកគេបានឆ្លងជំងឺកូវីដ ១៩តាមរយៈការ៉េមទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។