រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដាស់តឿនដល់​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់​ឲ្យ​ខំ​ដោះស្រាយ​បញ្ហា​ដីធ្លីមុន​ការ​បោះ​ឆ្នោត

ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​១៣ ខែមិថុនា​ លោក​ ស ខេង ជារដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជាបាន​ប្រាប់​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់​ឲ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​សម្រុះ​សម្រួល និង​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ជូន​ពលរដ្ឋ​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ។ បើ​តាម​លោក​ស ខេង ការ​ជំរុញ​ឲ្យ​ខំ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​មុន​ការ​បោះ​ឆ្នោត។

លោក​រដ្ឋមន្រ្តី​ ស ខេង ​ក៏​បាន​ប្រាប់​ឲ្យ​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់ ត្រូវ​បង្កើន​ការ​តាម​ដាន និង​គ្រប់​គ្រង​សភាពការណ៍​​​​វិវត្ត​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​តាម​ខេត្ត​នីមួយៗ​ឲ្យ​បាន​ហ្មត់​ចត់ ដើម្បី​ចូល​រួម​បង្ការ និង​ ទប់​ស្កាត់​កុំ​មាន​និន្នា​​​ការ​​​​ឡើង​មក​ប្រមូល​ផ្តុំ​តវ៉ា​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ។ ទន្ទឹមនឹងនោះ អភិបាល​រាជធានី-ខេត្ត​ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ និង​កង​កម្លាំង​ឲ្យ​រក្សា​បាន​នូវ​ភាព​អត់ធ្មត់​នៅ​ក្នុង​ការ​បំពេញ​ការងារ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី ឬ​ការ​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​នូវ​អំពើ​ហិង្សា​ជា​ដើម។

សូមបញ្ជាក់ថា ការ​ណែ​នាំ​ទាំង​នេះ រួម​មាន​ដូច​ជា ត្រូវ​ប្រើ​ប្រាស់​យន្តការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ដែល​មាន​ស្រាប់​នៅ​ថ្នាក់​រាជធានី-ខេត្ត​ឲ្យ​បន្ត​ខិត​ខំ​ជំរុញ​ការ​សម្រុះ​សម្រួល និង​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព សុចរិត​ភាព និង​យុត្តិធម៌ ដោយ​ត្រូវ​ចុះ​ទៅ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ។

ជាចុងក្រោយ លោករដ្ឋមន្រ្តី​ ស ខេង ​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​អស់​ត្រូវ​បន្ត​ខិត​ខំ​ពង្រឹង​ការ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​តាម​មូលដ្ឋាន​នានា​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​បោះ​ឆ្នោត​ជាតិ​ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close