គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី រកឃើញ​ចំនួន​អ្នកស្លាប់​កើន​ដល់ ៨១​នាក់

​ឥណ្ឌូណេស៊ី​៖ ភ្លៀង​មូសុង នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​រារាំង​ដល់​ប្រតិបត្តិ​ការស្វែងរក​អ្នក​ដែល​បន្ត​កប់​នៅក្រោម​អគារ ដែល​បាក់​ដោយ​ការរញ្ជួយ​ដី​ដ៏​ខ្លាំង​លើ​កោះ ស៊ូ​ឡា​វេ​ស៊ី របស់​ឥណ្ឌូណេស៊ី ក្រោយ គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​បាន​ផ្តាច់ជីវិត​មនុស្ស​៨១​នាក់ និង​ធ្វើអោយ​មនុស្ស​រាប់ពាន់នាក់​បាត់បង់​ទីជម្រក ។​

​រថយន្ត​អេស្កាវ៉ាទ័រ និង​ដង​ស្ទូច​ត្រូវបាន​ដាក់ពង្រាយ​ពាសពេញ​ទីក្រុង​មាត់សមុទ្រ ម៉ា​ម៊ូ​ជូ ដែល​នៅ​ទីនោះ អគារ​ជាច្រើន​ត្រូវ​ទទួល​ការបំផ្លិចបំផ្លាញ រួមទាំង​មន្ទីរពេទ្យ និង​ការិយាល័យ​អភិបាលខេត្ត​ផងដែរ ។ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ប៉ូលិស​ឥណ្ឌូណេស៊ី​ក៏បាន​ដាក់ពង្រាយ​អង្គភាព​ឆ្កែ​ហិតក្លិន K-9 ដើម្បី​ជួយ​ដល់​ការស្វែងរក​នៅឯ​មន្ទីរ​ពេទ្យ​មួយ​ដែល​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ។​

​ជនរងគ្រោះ​ភាគច្រើន​ត្រូវបាន​គេ​រកឃើញ​នៅ​ទីក្រុង ម៉ា​ម៊ូ​ជូ ប៉ុន្តែ​អ្នកខ្លះ​ក៏ត្រូវ​បាន​គេ​រកឃើញ​នៅ​ភាគខាងត្បូង​ទីក្រុង​ដែលមាន​ប្រជាជន​១១​ម៉ឺន​នាក់​ក្នុង​ខេត្ត West Sulawesi មួយ​នេះ​ផងដែរ ខណៈ​អាជ្ញាធរ​មិនបាន​ផ្តល់​តួលេខ​ពី​អ្នក​ដែល​នៅ​រស់រានមានជីវិត​ក្រោយ​ការជួយ​សង្គ្រោះ​នៅឡើយ​ទេ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៦.២​រ៉ិ​ច​ទ័​រ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុននេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close