ទំនាស់ហិង្សាក្នុងគ្រួសារ! កាប់ទាំងមេភូមិចំណាស់ របួសធ្ងន់
ខេត្តស្វាយរៀង៖ ករណីជំលោះហិង្សាក្នុងគ្រួសារ ប្តីគំរាមអារ-កប្រពន្ធ រត់ទៅប្តឹងមេភូមិ ប្តីកាប់ទាំងមេភូមិមក បណ្ដាលឱ្យរងរបួសធ្ងន់ រួចដុតម៉ូតូ និងដុតផ្ទះខ្លួនឯង បានបង្កឲ្យភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងតាមថា ជនសង្ស័យ ឈ្មោះ កែវ ធូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកលោកមេភូមិ ឈ្មោះ សួស សារី អាយុ៧០ឆ្នាំ ត្រូវជនសង្ស័យ យកពូថៅកាប់ត្រូវ៦កន្លែង រងរបួសធ្ងន់។
ប្រភពបានបន្តថា ជនសង្ស័យទើបធ្វើដំណើរមកពីភ្នំពេញមកលេងស្រុកកំណើត នៅភូមិឃុំខាងលើ លុះមកដល់ផ្ទះជនសង្ស័យ បានរករឿងឈ្លោះជាមួយប្រពន្ធ និងបានគំរាមអារ.កប្រពន្ធ ដោយភ័យខ្លាចប្រពន្ធជនសង្ស័យ បានរត់ទៅប្តឹងលោកមេភូមិដើម្បីឲ្យជួយ ពេលមេភូមិ បានមកដល់ស្រាប់តែ ជនសង្ស័យ បានយកពូថៅកាប់ និងវាយត្រូវចំក្បាល និងខ្លួនលោកមេភូមិ បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តតាមវិធានការបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។