អាជ្ញាធរជាតិអប្សរាចុះអនុស្សារណៈយោគយល់ជាមួយអាជ្ញាធរDASTAរបស់ប្រទេសថៃ ស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព
កម្ពុជា-ថៃ ៖ យោងតាមរបាយការណ៏របស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីក្រុងបាងកកនៃប្រទេសថៃ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរDASTA (Designated Area for Sustainable Tourism Administration) របស់ប្រទេសថៃ បានចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ ក្រោយបានជួបពិភាក្សានិងសិក្សាពីគ្នាអស់រយៈពេលជាងមួយឆ្នាំមក។
សារៈសំខាន់នៃពិធីចុះអនុស្សារណៈគឺ ដើម្បីបង្កើតកិច្ចសហការសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញនៃការគ្រប់គ្រងទេសចរណ៍ប្រកបដោយចីរភាព ដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា ការស្រាវជ្រាវទេសចរណ៍ ការផ្លាស់ប្តូរអ្នកជំនាញទេសចរណ៍ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងនានាពាក់ព័ន្ធនឹងការគ្រប់គ្រងទេសចរណ៍ ការធ្វើទស្សនកិច្ចចុះសង្កេតដើម្បីស្វែងយល់ និងដកពិសោធន៍ការងារ ការបណ្តុះបណ្តាលអំពីគំរូនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងការបណ្តុះបណ្តាលវគ្គជំនាញទេសចរណ៍ផ្សេងៗជាដើម។
ឯកឧត្តម សុខ សង្វារ តំណាងឯកឧត្តមអគ្គនាយកអាជ្ញាជាតិអប្សរា បានបញ្ជាក់ថា ការសម្រេចចិត្តចុះអនុស្សារណៈយោគយល់ជាមួយអាជ្ញាធរDASTA គឺក្នុងគោលដៅពង្រឹងទំនាក់ទំនងលើវិស័យគ្រប់គ្រងទេសចរណ៍ ដោយហេតុថា កិច្ចការចម្បងរបស់អាជ្ញាធរនេះគឺផ្តោតសំខាន់ទៅលើចីរភាពទេសចរណ៍នៅតំបន់ទាំង៥គឺ Koh Chang Islands, Pataya City, Sukhothai-Kamphaengphet Historic Parks, Leoi Province និង U-Thong ដែលបានកំណត់ដោយព្រះរាជក្រឹត្យ។
ឯកឧត្តម Nalikathibhag Sangsnit បញ្ជាក់ថា ភាពជោគជ័យនៃការគ្រប់គ្រងរមណីយដ្ឋានអង្គរ គឺជាចំណុចដែលធ្វើឲ្យក្រុមការងាររបស់លោកកោតសរសើរយ៉ាងខ្លាំង។ ឯកឧត្តមជឿជាក់ថា តាមរយៈទំនាក់ទំនងនេះ ក្រុមការងារលោកនឹងទទួលបានបទពិសោធន៍ល្អៗបន្ថែមទៀត ក្នុងការរៀបចំតំបន់ទេសចរណ៍DASTA។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអញ្ជើញមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមប្រជុំអំពីការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក ក្នុងតំបន់អាស៊ាន ដែលគ្រោងនឹងរៀបចំនៅប្រទេសថៃ ក្នុងខែសីហាខាងមុខនេះ។
ជាការចាប់ផ្តើមនៃការអនុវត្តលើអនុស្សារណៈយោគយល់គ្នានេះ អាជ្ញាធរDASTAបានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា ទៅកាន់រមណីយដ្ឋានសុខោទ័យ ដែលជាបេតិកភណ្ឌពិភពលោកមួយ ដើម្បីដកស្រង់បទពិសោធន៍ពីការងារគ្រប់គ្រងទេសចរណ៍នៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។