ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ២​នាក់​ទៀត

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ទៀត ខណៈ​អ្នកជា​សះស្បើយ​មិនមាន​នោះទេ​។​

​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ទាំង​២​នាក់​នោះ​រួមមាន​៖
១៖ កុមារា​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ​១​ឆ្នាំ ស្នាក់នៅ​ខេត្តសៀមរាប ជា​កូនប្រុស​របស់​បុរស​អា​យុ​៣៤​ឆ្នាំ និង​ស្ត្រី​អាយុ​៣៣​ឆ្នាំ ដែល​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មេ​រោករបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

២៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៤៤១​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ ៣៨៦​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៥៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close